(ភ្នំពេញ)៖ ប្រជាសហគមន៍ព្រែកតាគង់១ ខណ្ឌមានជ័យ និងប្រជាជនរស់នៅភូមិខ្វា ខណ្ឌដង្កោ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបពិភាក្សាជាមួយ អាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីស្តាប់ការពន្យល់លើការផ្តល់ទំនុកចិត្ត ដែលសាលារាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន ING Holding ស្តីពីគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មីបឹងទំពុន និងបឹងជើងឯក នៅទីស្នាក់ការគណៈកម្មការដោះស្រាយផលប៉ះពាល់ភូមិទួលរកា១សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ការជួបពិភាក្សាគ្នានេះបានធ្វើឡើង តាមការសន្យារបស់អាជ្ញាធររាជធានីភ្នំពេញ និងភាគីក្រុមហ៊ុនកាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងមក ។ ប្រជាពលរដ្ឋជាច្រើននាក់ ដែលមកសុំការពន្យល់បន្ថែមពីអាជ្ញាធរ បានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភចំពោះគម្រោង អភិវឌ្ឍន៍ ព្រោះមានមេរៀនជាច្រើនមកហើយ ដូចជា តំបន់បុរីកីឡា តំបន់បឹងកក់ជាដើម។
ប្រពលរដ្ឋបានថ្លែង នៅចំពោះមុខលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យទៀតថា ពួកគាត់ចង់បានការអភិវឌ្ឍន៍នៅនឹងកន្លែង ។ ជាមួយគ្នានេះលោកអភិបាលរងខណ្ឌ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅមានប៉ះពាល់ នឹងគម្រោងអភិវឌ្ឍន៍នេះ សូមយកឯកសារបញ្ជាក់ដីធ្លី មកចុះបញ្ជីនៅទីស្នាក់ការគណៈកម្មការតំបន់អភិវឌ្ឍនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម នោះអាជ្ញាធរនឹងចុះទៅពិនិត្យដល់ទីតាំងរបស់បងប្អូនផ្ទាល់។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងថា ក្រុមហ៊ុនបូមដីចាក់បំពេញធ្វើឲ្យលិចផ្ទះសម្បែងពួកគាត់នោះ តាមការសាកសួរការចាក់បំពេញអាចម៍ដី នៅតំបន់អភិវឌ្ឍន៍បឹងជើងឯក និងបឹងទំពុនកន្លងមក គឺភាគច្រើនជាម្ចាស់ដីនៅក្នុងតំបន់ អភិវឌ្ឍ។
តំណាងក្រមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនទើបតែបានចាក់ដីធ្វើតួផ្លូវមហាវិថីតែប៉ុណ្ណោះដូចជាដីដែលកំពុងបូមនេះ គឺជាដីរបស់ម្ចាស់ដី ៣-៤នាក់ ដែលពួកគាត់មុននឹងបូម ពួកគាត់មិនបានធ្វើប្រព័ន្ធដោះទឹក និងពិនិត្យឲ្យបានច្បាស់លាស់ ជាពិសេសគ្មានការសហការ ជាមួយក្រុមហ៊ុនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋបែបនេះ៕