(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញមកពិនិត្យចំការបន្លែសុវត្ថិភាពរបស់លោក គ្រី ម៉េងឈាង ម្ចាស់ចម្ការការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ខ្ទឹមបារាំង និងដំឡូងបារាំង លើផ្ទៃដី ៦ហិកតា ហើយក៏ជាកន្លែងរៀបចំ ពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ ការតាំងបង្ហាញ និងភ្លក្សរសជាតិនៃមុខម្ហូបបន្លែសុវត្ថិភាពចម្អិន ដោយសមាគមចុងភៅកម្ពុជា។
កម្មវិធីក៏មានវត្តមានតំណាស្ថាប័នរដ្ឋវិស័យឯកជន ក្រុមហ៊ុន សមាគម និងបណ្តុំផលិតកម្មបន្លែប្រមាណ ១៥០នាក់ ដែលរៀបឡើងនៅខេត្តមណ្ឌលគិរី។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានមានមតិទាក់ទងស្ថានភាពភូមិសាស្រ្ត សក្តានុពលវិស័យទេសចរណ៍ បន្លែ និងដំណាំមួយចំនួនទៀតដែលកំពុងមានសក្តានុពល សម្រាប់តម្រូវការទីផ្សារ ហើយជាក់ស្តែងកម្មវិធីនាពេលនេះកំពុងជំរុញ ពង្រឹង និងពង្រីកវិស័យសាកវប្បកម្ម និងទាក់ទាញទេសចរណ៍ ចូលរួមបង្កើនផលិតកម្មក្នុងស្រុក កាត់បន្ថយការនាំចូល កែប្រែកម្រិតជីវភាព បង្កើនប្រាក់ចំណូល និងបង្កើតការងារជូនពលរដ្ឋទូទាំងខេត្ត។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា វិស័យសាកវប្បកម្មដែលកំពុងមានការទាក់ ទាញប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ច សម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ ជាពិសេសទីផ្សាររាជធានីភ្នំពេញ មានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុត។
លោកឧកញ៉ា ហ៊ុន ឡាក់ តំណាងបណ្តុំកសិករផលិតបន្លែសុវត្ថិភាព និងលោក សុង តេង តំណាងសមាគមចុងភៅកម្ពុជា សន្យានឹងខិតខំជំរុញផលិតកម្មបន្លែសុវត្ថិភាពធា នាគុណភាព និងសុវត្ថិភាព ដាំដុះតាមបច្ចេកទេស អនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) បង្កើនបរិមាណផ្គត់ផ្គង់ សមស្របតាមកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញ។ ពង្រឹងកិច្ចសហ ការរវាងភាគីផលិត ក្រុមហ៊ុនប្រមូលទិញ និងអ្នកប្រើប្រាស់ចុងក្រោយ ធ្វើយ៉ាងណាឲ្យខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាព ប្រព្រឹត្តទៅដោយចីរភាព និងនិរន្តរភាព រក្សាបាននូវភាពឈ្នះ-ឈ្នះ។
លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានកសិកម្ម ក្រុមហ៊ុនត្រូភីខេម ហ្វ្រ៊ូត អេន វេជីថេប៊ល អាជ្ញាធរមូលដ្ឋាន និងបណ្តុំផលិតករ រៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន ស្របតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម» ហើយអនុវត្តតាមអភិក្រមនេះ ធ្វើឲ្យយើងសម្រេចបានសមិទ្ធផល យ៉ាងធំធេងនាថ្ងៃនេះ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតជីវភាពកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់ នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដែលគុណភាព និងសុវត្ថិភាពជាចំបង។
សកម្មភាពនៅថ្ងៃនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវឱ្យប្រជាពល រដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិត ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះ បង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាបានកាត់បន្ថយការនាំចូលពីខាងក្រៅ។
អនុលោមតាមអនុសាសន៍របស់សម្តេចតេជោនាពេលកន្លងមក លោករដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មត្រូវខិតខំប្រមូលផ្តុំ និងប្រើប្រាស់ធនធាន សក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយពីគ្រប់មជ្ឈដ្ឋានបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ផ្លែឈើក្នុងខេត្តមណ្ឌលគីរី ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ តាមរយ:ជំរុញកំណើនផលិតកម្ម និងទេសចរណ៍ក្នុងតំបន់។
លោករដ្ឋមន្ត្រីបានជំរុញការ អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផល និងជំរុញការងារកែច្នៃ វេចខ្ចប់ រក្សាទុកក្នុងទូត្រជាក់ ដើម្បីបង្កើនតម្លៃបន្ថែម និងរក្សាផលិតផលបានយូរ ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ធានាគុណភាព សុវត្ថិភាព និងស្តង់ដាដឹកជញ្ជូន។
លោករដ្ឋមន្ត្រីណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម គួរសិក្សាស្រាវជ្រាវអំពីលទ្ធភាព នៃការផលិតបន្លែសំខាន់ៗមួយចំនួន ដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានភូមិសាស្រ្ត អំណោយផលសម្រាប់បន្លែសំខាន់ៗទាំងនេះ ដោយសហការជាមួយក្រុមហ៊ុន បណ្តុំផលិត និងសកលវិទ្យាល័យ ដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ និងកាត់បន្ថយការនាំចូល៕