(តាកែវ)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ២ខ្នង និងពិធីប្រកាសដាក់ឱ្យដំណើរការអនុវត្តគម្រោងមិត្តភាព កម្ពុជា-ចិន ដើម្បីកាត់បន្ថយភាពក្រីក្រភូមិតានន។
ពិធីខាងលើនេះ បានទទួលការអញ្ជើញចូលរួមផងដែរពីសំណាក់លោក អ៊ូ ឈ័នពីង ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា តំណាងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោក ចាង យ៉ាវអ៊ូ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ប្រចាំកម្ពុជា ព្រមទាំងក្រុមប្រឹក្សាខេត្តតាកែវនិងស្រុកបាទី គណៈអភិបាលស្រុកបាទី គណ:អភិបាលស្រុកបុរីជលសារ មន្រ្តីសាលាខេត្តតាកែវ មន្ត្រីសាលាស្រុកបាទី ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋានសរុបប្រមាណ ៣០០នាក់។
នៅក្នុងឱកាសនេះ លោក ជា វ៉ាន់ដេត បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចំពោះប្រជាជននៅខេត្តតាកែវ ជាពិសេស ប្រជាជនស្រុកបាទី។ ជាមួយគ្នានេះ លោកបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិននិងប្រជាជនចិន ព្រមទាំងស្ថានទូតចិនប្រចាកម្ពុជា ជាពិសេស CFPD ដែលបានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារអាម៉េរិក ដើម្បីជួយកសាងអគារសិក្សានៅសាលាបឋមសិក្សាអង្គកំនប់ ក្នុងស្រុកបាទី និងវិទ្យាល័យ សុខអាន ដូងខ្ពស់ ក្នុងស្រុកបុរីជលសារ ខេត្តតាកែវ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែងនៃការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៃសាលារៀនទាំងពីរ។ ជាងនេះទៀត CFPD ក៏បានផ្តល់ជំនួយជាថវិកាប្រមាណ ១,៤លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងភូមិមិត្តភាពកម្ពុជា-ចិនដើម្បីកាត់បន្ថយភាពក្រីក្រនៅភូមិតានន ដើម្បីអភិវឌ្ឍភូមិតាននឱ្យក្លាយជាភូមិគំរូមួយ សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោកបានបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិលចិននិងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខ័ណ្ឌជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»៕