(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅមូលដ្ឋានរបស់លោក ឱ្យត្រៀមខ្លួនជានិច្ចដើម្បីប្រឆាំងជាមួយពួកឧទ្ទាមក្រៅច្បាប់ ដែលតែងតែប៉ុនប៉ងបង្កចលាចល បំផ្លាញសុខសន្តិភាពជាច្រើនលើកច្រើនសារ នៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជា យោធា ច្បាប់ និងជំនាញវិជ្ជាជីវៈ កងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២១ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោក ប្រាក់ សុវណ្ណ បានថ្លែងប្រាប់កងកម្លាំងប្រដាប់អាវុធថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសុខសន្តិភាព ដែលស្ថាបនិកជាតិបានកសាងឡើងដោយលំបាកបំផុតឲ្យគង់វង្ស។ សុខសន្តិភាព គឺជាការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ ជាពិសេសគឺ សម្តេចតេជោ ហ៊ុន សែន។
លោកបន្ថែមថា «សន្តិភាពគឺជាការបូជាជីវិតសាច់ស្រស់ ឈាមស្រស់ របស់វីរបុរសជាតិ របស់នាយទាហានរៀមច្បង របស់យើងរាប់មិនអស់ ដើម្បីកសាងគ្រឹះដ៏រឹងមាំ នាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរុងរឿងតកូនតចៅ គ្រប់ជំនាន់ជានិច្ច។ ការស្វែងរកសុខសន្តិភាព ការដោះស្រាយបញ្ហាទុក្ខលំបាកនានា គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់កងកម្លាំងយើងបានទេ។ ហេតុដូច្នេះក្នុងនាមកងយោធពលខេមរភូមិន្ទ ក្នុងនាមកុលបុត្រកុលធីតារបស់ប្រជាជនខ្មែរ ដាច់ខាតត្រូវតែប្តេជ្ញា ការពារ ថែរក្សា នូវសុខសន្តិភាពនេះឲ្យបាន»។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែគិតគូយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងដោះស្រាយនូវបញ្ហាលំបាករបស់កងកម្លាំង តាមរយៈការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗ សង់លំនៅដ្ឋាន ផ្តល់ដីកសិកម្មសម្រាប់បង្កបង្កើនផល។ លោកក៏សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែជួយជ្រោមជ្រែង ដល់ការងារអាទិភាព គឺការងារហ្វឹកហ្វឺននេះ សំដៅធានាឲ្យកងកម្លាំង ពង្រឹងបាននូវសមត្ថភាព ប្រសិទ្ធិភាពការងារស្នូល។
លោក ប្រាក់ សុវណ្ណ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរចំពោះលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ យោធាចារ្យ នាយទាហាន នាយទាហានរងដែលជាសិក្ខាកាមទាំងអស់ ដែលបានដឹកនាំ រៀបចំ និងចូលរួមរៀនសូត្រក្នុងវគ្គហ្វឹកហ្វឺននេះ អស់រយៈពេល២៩ថ្ងៃ ដោយរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ទទួលបានជោគជ័យ និងលទ្ធផលគួរជាទីមោទនៈ។ លោកជំរុញសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបាននាពេលនេះ ទៅអនុវត្តន៍ការងារស្នូលរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធិភាពមួយកម្រិតថែមទៀត។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានឲ្យដឹងថា លទ្ធផលនៃវគ្គហ្វឹកហ្វឺនដែលសម្រេចបានដោយជោគជ័យនាពេលនេះ ក៏ដោយសារមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងលោក ប្រាក់ សុវណ្ណ ដែលតែងតែរំលឹក ដាស់តឿន ជំរុញលើការងារហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឲ្យកងកម្លាំងមានសមត្ថភាព ក្នុងការដឹកនាំ បញ្ជា អនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
លោកមេបញ្ជាការក៏បានថ្លែងទៀតថា គោលបំណងនែការហ្វឹកហ្វឺននេះ គឺដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមអំពីតួនាទី ភារកិច្ច លើការបំពេញបេសកកម្ម ទាំងចំណេះដឹង ចំណេះធ្វើលើមុខវិជ្ជាយោធា និងមុចវិជ្ជាជំនាញអាវុធហត្ថ ធ្វើឲ្យនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ មានវិន័យ ក្រមសីលធម៌ គុណធម៌ មានមនសិការការងារ និងអត្តចរិតស្លូតត្រង់៕