(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី សហការជាមួយកម្លាំងយោធាខេត្តក្រចេះ បានចុះបង្រ្កាបឈើប្រភេទគ្រឿងផ្ទះបានជាច្រើនម៉ែត្រ ដែលក្រុមឈ្មួញបានលួចដឹកបណ្ដែតតាមទន្លេបំរុងយកទៅលក់បន្ត ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីច្បាប់។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អុឹម ចិត្រា មេបញ្ញាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ការបង្រ្កាបបទល្មើសព្រៃឈើនេះ ដោយមានលោក ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំងអាវុធហត្ថចុះល្បាតក្នុងទន្លេ ហើយក៍ប្រទះឃើញក្រសោបឈើដែលក្រុមឈ្មួញប្រើស្ទាយថ្មី បណ្ដែតតាមទន្លេបំរុងយកទៅលក់បន្ត តែមិនបានសំរេចត្រូវកម្លាំងអាវុធហត្ថធ្វើការបង្រ្កាបបានទាន់ពេលវេលា។
លោកមេបញ្ជាការស្រុកបញ្ជាក់ទៀតថា ឈើទាំងនោះជាប្រភេទឈើអាគ្រឿងផ្ទះ (ស្រឡៅ) តែមិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ ព្រោះឈើនៅក្នុងទឹក។
បច្ចុប្បន្នឈើទាំងនោះត្រូវបានប្រគល់ទៅអោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត ហើយកម្លាំងកំពុងធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕