(កំពង់ស្ពឺ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញបច្ចេកទេសបោសសម្អាតមីន ដោយម៉ាស៊ីនយន្តរ៉ូបូត នៅសាលាហ្វឹកហ្វឺនកងកម្លំាងរក្សាសន្តិភាពពហុជាតិ (PKO) នៅខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ នូវការីកចម្រើនយ៉ាងខ្លាំងរបស់សាលា PKO ក្រោមការគ្រប់គ្រងផ្ទាល់ដោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ NPMEC ដែលការរីកចម្រើន ទាំងអស់នេះជាលទ្ធផលមួយ នៃលទ្ធផលជាច្រើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្តទៀតថា សម្តេចតេជោ តែងតែចែករំលែកនូវបេះដូង និងសេចក្ដីស្រលាញ់សន្តិភាព ទៅបណ្ដាប្រទេសនានា ដែលទទួលរងគ្រោះ ដោយសារសង្រ្គាម ដូចកម្ពុជា តាមរយៈការបញ្ជូនកងកម្លំាងរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភម៉ាស់ ទៅបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់សម្រាប់ការងារទប់ស្កាត់ការរីករាល នៃជំងឺកូវីដ-១៩ ដែលនេះសបញ្ជាក់នូវទឹកចិត្តគោរពស្រឡាញ់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះមិត្ត។
ក្នុងរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ដ្រី លី ធុជ សូមវាយតម្លៃខ្ពស់ចំពោះសាលា PKO ដែលបានបណ្តុះបណ្តាលកងកម្លំាងរក្សាសន្តិភាព និងទទួលបានការកោតសរសើរលើឆាកអន្តរជាតិ ជាពិសេស បានចូលរួមនាំមកនូវកេរ្តិ៍ឈ្មោះល្បីល្បាញជូនប្រទេសកម្ពុជា តាមរយៈការបញ្ជូនកងកម្លំាងរក្សាសន្តិភាព នៅតាមប្រទេសមួយចំនួនជុំវិញពិភពលោក ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអរគុណដល់ក្រុមការងារបច្ចេកទេស Demine Robotics ដែលដឹកនាំដោយ លោក យឹម ប្រសិទ្ធីឬទ្ធិ វិស្វករបចេ្ចកទេសបោសសម្អាតមីន ដោយម៉ាស៊ីនយន្តរ៉ូបូត ដែលបានគាំទ្រដល់វគ្គហ្វឹកហ្វឺននេះ។
សូមបញ្ជាក់ថា រ៉ូបូត «ជីវិត» បានទទួលវិញ្ញាបនបត្រតក្កកម្មពីប្រទេសចំនួន៣ រួមមាន ប្រទេសអាមេរិក កាណាដា និងអង់គ្លេស ដោយជាស្នាដៃផលិតនៅក្នុងស្រុក ដោយក្រុមវិស្វករកម្ពុជា៕