(ព្រះសីហនុ)៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២១ ដោយទទួលបានការចង្អុលបង្ហាញពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ក្រុមការងារអគ្គលេខាធិការដ្ឋាន គ.អ.ឆ.ក ដឹកនាំដោយលោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខាធិការរង គ.អ.ឆ.ក និងជាប្រធានក្រុមការងារទទួលបន្ទុកត្រួតពិនិត្យ តាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យស្ថានភាព និងប្រជុំពិភាក្សា ដើម្បីឆ្ពោះដល់ការគាំទ្របច្ចេកទេស ក្នុងការរៀបចំផែនការគ្រប់គ្រងឆ្នេរខ្សាច់ក្នុងខេត្តព្រះសីហនុប្រកបដោយចីរភាព និងការចូលរួមទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ។
ការចុះពិនិត្យនិងកិច្ចពិភាក្សាបានផ្តោតជាសំខាន់អំពីបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដូចជា យន្តការក្រុមការងារក្នុងការគ្រប់គ្រងឆ្នេរនីមួយៗ ការគ្រប់គ្រងសំណល់រឹង-រាវ ចរាចរណ៍ សណ្តាប់ធ្នាប់ ការគ្រប់គ្រងសេវាកម្ម និងសុវត្តិភាពទេសចរណ៍ជាដើម។
អង្គប្រជុំបានគាំទ្រឱ្យមានការពង្រឹងយន្តការកិច្ចសហការរួមគ្នាជាអន្តរវិស័យក្នុងការគ្រប់គ្រងឆ្នេរ និងប្រើប្រាស់បទដ្ឋានគតិយុត្តដែលមានស្រាប់ ដូចជា គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តស្អាត និងក្រមប្រតិបត្តិឆ្នេរជាដើម។
ជាមួយគ្នានោះ លោកអនុរដ្ឋលេខាធិការ នី ផល្លី បានបញ្ជាក់ថា ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលអនុវត្តគម្រោងដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) គ្រោងនឹងបញ្ចប់ការអ៊ុតកៅស៊ូនាពេលឆាប់ៗខាងមុខនេះហើយ។
ដូចនេះដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំពិធីបុណ្យសមុទ្រ និងកិច្ចប្រជុំកម្រិតអន្តរជាតិសំខាន់ៗ ក៏ដូចជាត្រៀមខ្លួនទទួលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតពិភពលោកនានា ក្នុងនាមជាប្រធានក្រុមការងារទទួលបន្ទុកត្រួតពិនិត្យ តាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត លោកអនុរដ្ឋលេខាធិការតែងតែផ្តល់កិច្ចសហការក្នុងការផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋបាលខេត្តព្រះសីហនុក្នុងការរៀបចំ កែលម្អឆ្នេរខ្សាច់កម្សាន្តឱ្យស្របតាមស្តង់ដាបច្ចេកទេស លើកកម្ពស់សោភ័ណភាព និងកិត្យានុភាពឆ្នេរក្នុងខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ឆ្នេរខ្សាច់កម្សាន្តប្រកបដោយសុវត្ថិភាព ដើម្បីទាញយកជំនឿទុកចិត្តរបស់ភ្ញៀវទេសចរមកទស្សនា និងសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុកាន់តែច្រើនឡើងបន្ថែមទៀត៕