(ភ្នំពេញ)៖ តាមរយៈការខិតខំរបស់ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងជីណាន ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន Baoji Taidakang Medical Technology Co.,Ltd បានផ្តល់អំណោយម៉ាស់ចំនួន ១ ៤៣២ ៥០០ ម៉ាស់ ដល់ក្រសួងការបរទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ក្នុងចំណោមម៉ាសជាង១.៤លាននោះ រួមមាន៖
១៖ Protective Mask ចំនួន ៤៥០.០០០ម៉ាស់
២៖ Surgical Mask ចំនួន ៩០០.០០០ម៉ាស់
៣៖ Single-use Medical Face Mask ចំនួន ៨២.៥០០ ម៉ាស់។
លោក កុយ គួង បានបញ្ជាក់ថា ម៉ាស់ទាំងអស់ មានតម្លៃសរុបចំនួន ៧១៥.២០៨ ដុល្លារអាមេរិក ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ កាយវិការនេះគឺជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជាចិន ដែលបាននឹងកំពុងរីកចំរើនលើគ្រប់វិស័យ ។
តាងនាមអោយរាជរដ្ឋាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ ទីក្រុងជីណាន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានផ្តល់អំណោយទាំងនេះ និងអរគុណដល់ ក្រសួងការបរទេសចិនដែលបានជួយសម្របសម្រួលឯកសារពាក់ព័ន្ធដើម្បីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានេះ៕