(ភ្នំពេញ)៖ ទោះបីឆ្នាំ២០២០ ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩យ៉ាងណាក្តី តែតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនចិន នៅតែបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទំហំនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅឆ្នាំ២០២០ សម្រេចបាន ១,៥៦៥លានដុល្លារអាមេរិក កើនឡើង ២៦.៥២% បើធៀបនឹងឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវអំណរសាទរចំពោះវឌ្ឍនភាពដ៏ល្អប្រសើរនៃការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនេះ។
ក្នុងលិខិតផ្ញើជូនប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្គាល់ថា ផ្នែកឯកជន គឺជាដៃគូដ៏ចាំបាច់ និងមិនអាចខ្វះបានដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន។
ក្នុងលិខិតដែល Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ខ្ញុំសូមស្វាគមន៍ និងផ្តល់ការគាំទ្រដល់គំនិតច្នៃប្រឌិតក្នុងការកៀរគរវិនិយោគបន្ថែមទៀត ដែលនឹងជួយពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ»។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅកម្ពុជាជាមួយទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅខែកុម្ភៈ ឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់នូវគំនិត «ជោគជ័យទាំងអស់គ្នា»។ បច្ចប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិ ដែលបានទទួលសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុប ១៦៦សហគ្រាស ហើយបានបង្កើតឱកាសការងារជិត ៣០,០០០កន្លែង។
នៅឆ្នាំ២០២០ នៅចំពោះមុខផលលំបាកនៃការរីករាលដាលជំងឺកូវីដ១៩ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួបរួមគ្នាជាមួយក្រុមហ៊ុន និងសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងរក្សាលំនឹងផលិតកម្ម ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងរក្សាស្ថេរភាពការងារសម្រាប់កម្មករបុគ្គលិក និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្ម និងចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេស ជូនដល់ប្រជាជនក្នុងតំបន់ ដើម្បីធានាឱ្យប្រជាជនក្នុងតំបន់ទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែង និងសុភមង្គលពិតប្រាកដ។ ដូចជាបរិច្ចាគប្រាក់សម្រាប់សាងសង់សាលារៀន បរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ និងផ្តល់អំណោយដល់ជនរងគ្រោះ និងជនក្រីក្រនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបានបង្កើត «អង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន» ដើម្បីធ្វើសកម្មភាពសប្បុរសធម៌ក្នុងរយៈពេលវែង និងផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ប្រជាជនក្រីក្រក្នុងតំបន់។
នៅឆ្នាំ២០២០ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានឧបត្ថមសំភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់សាលារៀន និងស្ថាប័នមួយចំនួន ដូចជាសាលាបឋមសិក្សានិងអនុវិទ្យាល័យបិតត្រាងមិត្តភាពព្រះសីហនុ-ជាំងស៊ូ សាលាឃុំបិតត្រាង និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុជាដើម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យឃើញពីការទទួលស្គាល់សមិទ្ធផលនៃការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាការលើកទឹកចិត្តដល់កម្មករបុគ្គលិកទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។
លោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបង្ហាញនូវក្តីរីករាយ ហើយបានប្តេជ្ញាបន្តប្រឹងប្រែងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។
លោក CHEN JIANGANG បានបញ្ជាក់ដូច្នេះ «យើងខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលបានទទួលលិខិតឆ្លើយតបដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី យើងខ្ញុំនឹងខិតខំជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ២.០ លើកកម្ពស់ឧស្សាហូបនីយកម្ម អន្តរជាតិបនីយកម្ម និងមូលធននីយកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាពន្លឿនការរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងទីក្រុងការរួមបញ្ចូលគ្នារវាងឧស្សាហកម្មនិងការអប់រំ និងការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍន៍នៃសហគ្រាស និងទំនួលខុសត្រូវសង្គម ដើម្បីធានាឱ្យក្រុមហ៊ុនសហគ្រាសមកពីបណ្តាប្រទេសនិងតំបន់នៅជុំវិញពិភពលោកអាចសម្រេចការអភិវឌ្ឍឈ្នះរួមគ្នាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងចូលរួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា»៕