(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គ្រោងបញ្ចេញទុនចំនួន៥៥លានដុល្លារបន្ថែមទៀត ដើម្បីឲ្យទំហផ្ដល់ឥណទានកើន ដល់៣០០លានដុល្លារក្នុងឆ្នាំនេះ។ នេះបើតាមលោក កៅ ថាច អគ្គនាយកធនាគារ ARDB ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ។
លោក កៅ ថាច បានថ្លែងឲ្យដឹងថា ARDB កំពុងបង្កើនប្រាក់កម្ចីដល់វិស័យកសិកម្ម ឲ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្ននេះវិស័យកសិកម្មកំពុងក្លាយ ទៅជាវិស័យមួយ ដែលជាជន្ទល់សេដ្ឋកិច្ចជាតិ ក្នុងបរិបទកូវីដ១៩ ទាំងការបង្កបង្កើនផល ការដាំបន្លែ ការចិញ្ចឹមសត្វ និងការធ្វើវារីប្បកម្មជាដើម។
លោក កៅ ថាច បានបញ្ជាក់ថា «ដើម្បីជួយដល់វិស័យកសិកម្មនៅកម្ពុជា ធនាគារ ARDB គ្រោងបញ្ចេញទុនប្រមាណ៥៥លានដុល្លារបន្ថែមទៀតក្នុងឆ្នាំនេះ ដើម្បីឲ្យគ្រប់៣០០លានដុល្លារ ខណៈឆ្នាំ២០២០កន្លងទៅ ARDB បានបញ្ចេញទុន២៤៥លានដុល្លារហើយ»។
ប៉ុន្ដែលោក កៅ ថាច ក៏បានឲ្យដឹងថា ទោះជាយ៉ាងនេះក្ដីសម្រាប់ទុនបន្ថែមនេះ ត្រូវរង់ចាំការសម្រេចពីរាជរដ្ឋាភិបាលថា ត្រូវផ្ដល់ជូនប៉ុន្មាន? ព្រោះបច្ចុប្បន្ននេះធនាគារ ARDB បាននិងកំពុងរៀបពីផែនការ ដើម្បីលើកសំណើរទៅកាន់រដ្ឋាភិបាល។
លោកបញ្ជាក់ថា សម្រាប់ទុនដែលគ្រោងនឹងបន្ថែមនេះ គឺដើម្បីលើកកម្ពស់វិស័យកសិកម្ម ស្រប់នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម ធ្វើឲ្យវិស័យនេះ មានដំណើរការវិត្តទៅមុខយ៉ាងលឿន ពិសេសមួយរយៈចុងក្រោយនេះ។
សូមជម្រាបថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ARDB បានកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០ លានដុល្លារអាមេរិក ដោយអត្រាការប្រាក់តែ ០.៤២ភាគរយក្នុងមួយខែដើម្បីធ្វើការផ្តល់ជូនដល់បងប្អូនកសិករ ធ្វើការពង្រីកការដាំដុះបន្លែ ចិញ្ចឹមសត្វ វារីវប្បកម្ម និងការផលិតកែច្នែ ខ្សែច្រវាក់ផលិតកម្មកសិកម្ម ដែលមកដល់ពេលនេះទំហំហិរញ្ញប្បទាននេះ ត្រូវបានផ្តល់កម្ចីអស់ហើយ៕