(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆេះឃ្លាំងស្ដុកទំនិញមួយកន្លែង របស់ក្រុមហ៊ុន ឡុង ភឿង នៅចំណុចដីឡូតិ៍លេខ៥ តាមបណ្ដោយផ្លូវលេខ៣៥៨ កែង១៧៣ ក្រុមទី៣០ ភូមិ០៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កើតឡើងនៅវេលាម៉ោង១២៖៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បណ្ដាលឲ្យកម្មករ២នាក់ដេកស្លាប់ក្នុងភ្លើង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ស៊ិន ណាត ក្នុងនោះការខូចខាត ឆេះឃ្លាំងទំហំ២១ម៉ែត្រ គុណ២៥ម៉ែត្រ និងឆេះទំនិញថង់ប្លាស្ទិកស្តុបក្នុងបន្ទប់ទំហំ១៩ម៉ែត្រ គុណ២៥ម៉ែត្រអស់មួយចំនួនបន្ទប់ ឆេះសម្ភារប្រចាំថ្ងែអស់ទាំងស្រុង និងបានឆេះរោលដល់ផ្ទះអ្នកជិតខាងចំនួន៣ល្វែង។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក្នុងហេតុការណ៍ដ៏អកុសលនេះ បានបណ្ដាលឲ្យកម្មករ២នាក់ ដែលស្នាក់នៅក្នុងឃ្លាំងនេះស្លាប់ក្នុងអំណាចភ្លើង ក្នុងនោះ ទី១៖ឈ្មោះ សយ ដារ៉ា អាយុ២៧ឆ្នាំ និងទី២៖ ឈ្មោះ វ័ន្ត អាយុ៣២ឆ្នាំ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានអះអាងថា ក្នុងរង្វង់ប្រតិបត្តិការសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន២៨៥ឡាន រួមមាន៖
*រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៨០ឡាន
*រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន
*រថយន្តអគ្គិភ័យកងរាជអាវុធហត្ថ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន
*រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន
*រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៦ឡាន ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន
*រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន
*រថយន្តអគ្គិភ័យអូឡាំព្យា ចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន
*រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន៕