(ភ្នំពេញ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានដឹកនាំកិច្ចប្រជុំស្តីពីការកសាងសមិទ្ធផលនានានៅខាងមុខព្រះរាជដំណាក់ខេត្តសៀមរាប។
កិច្ចប្រជុំនេះក៏មានវត្តមានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង លោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីមកពីស្ថាប័នមន្ទីរពាក់ព័ន្ធក្រោមឱវាទរបស់ខេត្តសៀមរាបជាច្រើនរូបទៀត។
សម្តេចចៅហ្វាវាំងប្រធានអង្គប្រជុំបានពិនិត្យមើលយ៉ាងហ្មត់ចត់អំពីសកម្មភាពការងារដែលបានអនុវត្តនៅពេលកន្លងមកដែលក្រសួងព្រះបរមរាជវាំង បានកសាងសមិទ្ធផលនៅខាងមុខព្រះរាជដំណាក់ខេត្តសៀមរាប មានការងារសំខាន់ៗចំនួន៣បានខិតខំអនុវត្តន៍នៅក្នុងដំណាក់កាលទី១ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ដំណាច់ឆ្នាំ២០២០ ការងារសម្រេចបាន ១០០% ស្មើនឹង៥០%នៃគម្រោងសរុប លើការងារសំខាន់ៗទាំង៣ ក្នុងនោះមាន៖
១៖ ការងារគ្រឿងបង្គំសំណង់ ក្លោងទ្វារ របង ផ្លូវបេតុង និងការកែលម្អសួនច្បារ
២៖ ការងារស្ថាបត្យកម្ម ក្លោងទ្វារ របង ផ្លូវបេតុង និងកែលម្អសួនច្បារ
៣៖ ប្រពន្ធ័អគ្គីសនី និងទឹក។
សម្រាប់អង្គប្រជុំនាពេលនេះ សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ដែលជាស្ថាបត្យករដ៏ឆ្នើមមួយរូបរបស់ជាតិ បានផ្តល់អនុសាសន៍ជូនអង្គប្រជុំឲ្យសម្រេចទទួលបានជោគជ័យបន្ថែមទៀតលើការងារដែលត្រូវអនុវត្តបន្តនៅក្នុងជំហានទី២ ដូចជាការងារកសាងប្រព័ន្ធផ្លូវ លូបង្ហូរទឹក ការតុបតែងលម្អសួន ក្រាលការ៉ូឡាក្នុងបរិវេណសួន ការរចនាខ្លោងទ្វារ ចម្លាក់ថ្ម រំលេចនូវរូបភាពមេទ័ពខ្មែរ ជាអ្នកសេ្នហាជាតិ មានកេរិ៍តឈ្មោះដ៏ល្បីល្បាញ ក្នុងសម័យមុនៗ និងការកសាងដងទង់ជាតិជាដើម។
គួររំលឹកថា កន្លងមក សម្តេចចៅហ្វាវាំង គង់ សំអុល លោក គុយ សុផល តែងតែបានចុះពិនិត្យ និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ស្តីពីការបន្តខិតខំប្រឹងប្រែង ក្នុងស្មារតីរួមសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តនូវរាល់ភារកិច្ចទាំងឡាយ ស្របទៅតាមគម្រោងផែនការនៃការកសាងសមិទ្ធផលសំខាន់ៗខាងលើឲ្យសម្រេចទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរ បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ឲ្យមានសោភ័ណភាពយ៉ាងស្រស់ប្រណីត និងមានគុណភាពជាប់រឹងមាំដ៏យូរ អង្វែងតរៀងទៅ។
ការកសាងសមិទ្ធផលសំខាន់ៗទាំងនេះ គឺមាន គុណប្រយោជន៍យ៉ាងធំធេងក្នុងការថែរក្សា ការពារសុវត្ថិភាពព្រះអង្គចេកព្រះអង្គចមអោយមានភាពគង់វង្សនឹងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្រាប់ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះអង្គគង់បំពេញព្រះរាជកិច្ចទាំងឡាយជូនជាតិនៅព្រះរាជដំណាក់ខេត្តសៀមរាបជាប្រវត្តិសាស្ត្រនេះ និងជាទីសក្ការៈសម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាដើម។
ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង អាជ្ញាធរដែនដី មន្រ្តីជំនាញក្នុងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់អំពីលទ្ធផលការងារដែលខិតខំសម្រេច បាននៅក្នុងឆ្នាំ២០២០ និងការងារដែលត្រូវអនុវត្តបន្តនៅក្នុងឆ្នាំ២០២១នេះ៕