(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានអំពាវនាវប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់ នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវសម្អាតបរិស្ថាន នៅជុំវិញផ្ទះជាដើម។
លើសពីនេះ លោកក៏បានណែនាំឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ធ្វើឲ្យប្រជាជននៅលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាមវិធីងាយៗ ទៅតាមវិធានរបស់ក្រសួងសុខាភិបាល។
ការអំពាវនាវបែបនេះ ធ្វើឡើងខណៈលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី២ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ដោយសង្កេតឃើញថា រដូវនេះ ជារដូវរំហើយលោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គីភ័យ ដោយនៅមុនពេលចេញពីផ្ទះ សូមពិនិត្យមើលភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី សូមចៀសវាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម។ ជាមួយគ្នានេះ លោក ថេង សុថុល ក៏បានប្រាប់បងប្អូនដែរថា បើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងមករដ្ឋបាលសង្កាត់ ឬមករដ្ឋបាលខណ្ឌដោយផ្ទាល់ ដើម្បីឲ្យក្រុមការងារសង្កាត់-ខណ្ឌ ធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា។
ក្រោយពីសំណេះសំណាលសួរសុខទុក្ខរួច អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានផ្ដល់ជូននូវអំណោយមួយចំនួន ដែលក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន១បាវ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, មី, ក្រម៉ា, ម៉ាស និងថវិកាចំនួន២០,០០០រៀលផងដែរ៕