(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា កើន៧% នៅឆ្នាំ២០២០ ហើយសមត្ថកិច្ចអនុវត្តន៍ច្បាប់គ្រប់លំដាប់ថ្នាក់ បានចាប់យកសារធាតុញៀន ដល់ទៅ ៣៨៧៦គីឡូក្រាម។
លោកថ្លែងបែបនេះ នៅក្នុងឱកាសបើកកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង ពិនិត្យ និងពិភាក្សាកែសម្រួលលើសេចក្ដីព្រាង ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បើធៀបទៅនឹងឆ្នាំមុនតាមរយៈសេចក្តីព្រាងរបាយការណ៍នេះ គឺករណីនៃការបង្ក្រាបបទល្មើសមានការកើនឡើងដល់ទៅជិត៧% ។ អញ្ចឹងករណីនៃការបង្ក្រាប ក៏មានការកើនឡើង ចំនួនអ្នកប្រព្រឹត្តបទល្មើស ក៏ត្រូវបានឃាត់ខ្លួនមានការកើនឡើងដែរ ប៉ុន្តែបរិមាណសារធាតុញៀន ដែលត្រូវចាប់យកដោយសមត្ថកិច្ច គឺមានការកើនឡើងខ្ពស់ គឺពីឆ្នាំទៅយើងចាប់យកបានជាង ៧៥០គីឡូក្រាម ដោយឡែកក្នុងឆ្នាំ២០២០នេះ សមត្ថកិច្ចអនុវត្តន៍ច្បាប់គ្រប់លំដាប់ថ្នាក់ ចាប់យកសារធាតុញៀន ដល់ទៅ ៣៨៧៦គីឡូក្រាម»។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា បើនិយាយពីបញ្ហាគ្រឿងញៀន គេត្រូវគិតទៅលើសភាពការណ៍ និងប្រភពនៃការផលិត។ បច្ចុប្បន្ននេះ ឧក្រិដ្ឋជនបានផ្លាស់ប្តូរឥរិយាបទ នៃការផលិតគ្រឿងញៀនរបស់គេ ពីការផលិតគ្រឿងញៀនធម្មជាតិ ដែលប្រើប្រាស់រយៈពេលយូរ មកជាការផលិតគ្រឿងញៀនសំយោគ។ ការផលិតគ្រឿងញៀនសំយោគនេះ វាធ្វើឡើងដោយសារមានសារធាតុគីមីផ្សំ អញ្ចឹងសារធាតុគីមីផ្សំងាយនឹងហូរចូលទៅតំបន់ផលិត ជាពិសេសប្រទេសដែលមានផលិតសារធាតុគីមី ដូចជាប្រទេសចិន និងប្រទេសឥណ្ឌា ដែលប្រទេសទាំងពីរនេះ នៅមិនឆ្ងាយប៉ុន្មាន ពីតំបន់ត្រីកោណមាស។ ការផលិតងាយស្រួលជាងមុន មានលក្ខណៈវិវត្តន៍ងាយស្រួលជាងមុន អញ្ចឹងបញ្ហាគ្រឿងញៀន ក៏វាមានការវិវត្តខ្លាំងដែរ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានពន្យល់មូលហេតុចំនួន៣ ដែលធ្វើឲ្យបញ្ហាគ្រឿងញៀន មិនចេះថមថយ រួមមាន៖
* ទី១៖ គេធ្វើការផលិតគ្រឿងញៀនតាមការបញ្ជាអនឡាញ ដោយគ្រាន់តែប្រើប្រាស់សារធាតុគីមីផ្សំលាយចូលគ្នា ហើយមានអ្នកបញ្ជាត្រឹមត្រូវនោះ ការផលិតគ្រឿងញៀននឹងរួចរាល់ក្នុងរយៈពេលដ៏ខ្លី។
* ទី២៖ កន្លែងផលិតគ្រឿងញៀនសម្បូរ និងជោរជន់កាន់តែច្រើននោះ ក្រុមឧក្រិដ្ឋជន ត្រូវខំរិះរកគ្រប់មធ្យោបាយ និងកសាងបណ្តាញ ដើម្បីដឹកជញ្ជូនគ្រឿងញៀន ពីតំបន់ផលិតទៅរកទីផ្សារនៃការប្រើប្រាស់។
* ទី៣៖ ទីផ្សារនៃការប្រើប្រាស់ណាដែលមានតម្លៃខ្ពស់ គ្រឿងញៀនត្រូវហូរទៅនោះ អញ្ចឹងក្រុមឧក្រិដ្ឋជនត្រូវតែខិតខំដឹកជញ្ជូន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមថា «គ្មានប្រទេសណាមួយ ដែលដោះស្រាយបញ្ហាគ្រឿងញៀននេះ បានជោគជ័យទេ។ ដោយឡែកកម្ពុជា ជាប្រទេសដែលត្រូវបានក្រុមឧក្រិដ្ឋជនប្រើប្រាស់ ជាកន្លែងឆ្លងកាត់។ អញ្ចឹងទិសដៅ និងចរន្តនៃការចរាចរណ៍គ្រឿងញៀនឆ្លងកាត់កម្ពុជា សភាពការណ៍បច្ចុប្បន្នថ្មីៗនេះ វាបានប្រែប្រួលទៅហើយ។ ពីមុនឆ្លងចូលពីប្រទេសឡាវ ចូលមកកម្ពុជា តាមបែកឦសាននៃប្រទេស មានខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ឥឡូវនេះ គឺឆ្លងពីប្រទេសថៃ ចូលមកដល់កម្ពុជា។ អញ្ចឹងនៅថៃនោះ ក៏មានបញ្ហាស្មុគស្មាញច្រើនជាងយើង ដែលធ្វើឲ្យគ្រឿងញៀនធ្លាក់ និងហៀរពីប្រទេសថៃមកកម្ពុជា។ កន្លងមកមានតែពីកម្ពុជា ទៅថៃទេអាចមាន តែឥឡូវនេះពីថៃមកកម្ពុជា អញ្ចឹងយើងប្រឈមបញ្ហាកាន់តែធំ»។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងទៀតថា ក្នុងដំណាក់កាលនៃការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ ប្រទេសលើពិភពលោក បានបិទជើងហោះហើរជាអន្តរជាតិ ពួកឧក្រិដ្ឋជនគ្រឿងញៀន បានផ្លាស់ប្តូររូបភាព វិធីសាស្ត្រ និងច្រកដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជា ពីផ្លូវអាកាសមកតាមផ្លូវគោកនៃច្រកព្រំដែនកម្ពុជា-ឡាវ កម្ពុជា-ថៃ និងកម្ពុជា-វៀតណាម តាមបញ្ញើប្រៃសណីយ៍ និងតាមច្រកសមុទ្រ។
ថ្លែងក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងអំណរគុណចំពោះក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៉ីវិល ជាតិ-អន្ដរជាតិ វិស័យជាតិ-វិស័យឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ព្រមទាំងមានការគាំទ្រទាំងសម្ភារ និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាគ្រឿងញៀន។
លោកបន្ដថា អាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនបានចូលរួម និងសហការគ្នាដោយភាពទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារប្រយុទ្ធគ្រឿងញៀនកន្លងទៅនេះ មានការប្រែប្រួល និងទទួលបានលទ្ធផលជោគជ័យគួរឲ្យកត់សម្គាល់ផងដែរ៕