(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា លោក ផាក ហ៉ឹងខ្យង់ បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយជំរុញ និងគាំទ្រចំពោះក្រុមហ៊ុនរបស់កូរ៉េ ដើម្បីឲ្យក្រុមហ៊ុនបានវិនិយោគ កែច្នៃសំរាមឲ្យទៅជាអគ្គិសនីប្រេងកាត ឧស្ម័ន និងហ្គាសជាដើម។
ការលើកឡើងបែបនេះ ក្នុងឱកាសឯកអគ្គរាជទូតរដ្ឋទូតកូរ៉េខាងត្បូង បានជួបសំដែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
លោក ផាក ហ៉ឹងខ្យង់ បានលើកឡើងថា ក្រុមហ៊ុនវិយោគរបស់កូរ៉េ សុំធ្វើការវិនិយោគ ដោយកែច្នៃសំរាមអោយទៅជាអគ្គិសនី ប្រេងកាត ឧស្ម័ន និងហ្គាស ដោយក្រុមហ៊ុនបានធ្វើការទំនាក់ទំនង និងវិនិយោគលើការងារនេះប្រមាណ១០ឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានទទួលផ្លែផ្កាជុំវិញការវិនិយោគសំរាមនូវឡើយទេ។
ជុំវិញបញ្ហានេះ លោកអគ្គរដ្ឋទូតស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញគាំទ្រ និងជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរបស់កូរ៉េ បានធ្វើការវិនិយោគលើការកែច្នៃសំរាមនេះ។ លោកបញ្ជាក់ថា ក្រុមហ៊ុននេះពិតជាមានបទពិសោធន៍ច្រើន ទៅលើការកែច្នៃសំរាម ដោយធ្វើការដុតកំដៅសំរាមរហូតដល់៤០០ អង្សារសេ និងមិនប៉ះពាល់ទៅដល់បរិស្ថាននោះទេ។
ចំពោះការស្នើសុំឲ្យមានការគាំទ្រខាងលើនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ចចំពោះការវិនិយោគកែច្នៃសំរាម របស់ក្រុមហ៊ុនកូរ៉េ ដែលមានបំណងចង់វិនិយោគសំរាម នៅរាជធានីភ្នំពេញនេះ។
លោកថា អ្វីដែលសំខាន់ គឺក្រុមហ៊ុនត្រូវបញ្ចេញសមត្ថភាព ដើម្បីឲ្យក្រសួងពាក់ព័ន្ធបានមើលឃើញពី សមត្ថភាពរបស់ក្រុមហ៊ុន នោះក្រុមហ៊ុន នឹងបានទទួលសិទ្ធិលើការវិនិយោគពីរាជរដ្ឋាភិបាល។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ និងគាំទ្រជានិច្ច ចំពោះការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ ដោយហេតុថា សំរាមនៅរាជធានីភ្នំពេញមិនទាន់មានការកែច្នៃនៅឡើយទេ ទាំងទីលានចាក់សំរាមនៅស្ទឹងមានជ័យ និងនៅខណ្ឌដង្កោ។
ក្នុងគម្រោងរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតឲ្យមានទីលានចាក់សំរាមថ្មី និងធំមួយទៀតនៅក្នុងភូមិទួលព្រិច ផ្លូវលេខ៥១ ដែលមានផ្ទៃដីរហូតដល់ ជាង១០០ហិកតា ដើម្បីចាក់សំរាមនៅទីនោះ។ ដូច្នេះក្រោយពីក្រុមហ៊ុនរបស់កូរ៉េ បានធ្វើការវិនិយោគទៅលើសំរាមនេះហើយ នៅរាជធានីភ្នំពេញ មិនខ្វះសំរាមដើម្បីកែច្នៃនោះទេ។ លោកថា សម្រាប់រាជធានីភ្នំពេញ បើប្រមូលសំរាមឲ្យអស់ក្នុងមួយថ្ងៃសំរាម មិនតិចជាង៤ពាន់តោននោះទេ៕