(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកទី២៩ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
កិច្ចប្រជុំបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្ដរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីស្នើសុំក្រុមការងារអន្តរក្រសួង ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពជាសមាជិក ចូលរួមពិនិត្យ និងពិភាក្សាកែសម្រួលក្នុងករណីចាំបាច់នៅលើសេចក្ដីព្រាង ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ ដើម្បីឲ្យសេចក្ដីព្រាង ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១នេះ មានភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អាចធ្វើជាមូលដ្ឋានសម្រាប់លើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តនាឆ្នាំខាងមុខទៀត ជាពិសេសសម្រាប់ជាគន្លឹះ និងជារបៀបវារៈសម្រាប់ធ្វើសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងប្រព្រឹត្តិទៅឆាប់ៗដ៏ខ្លីខាងមុខនេះ។
លោកថ្លែងថា បញ្ហាគ្រឿងញៀននេះ នៅប្រទេសណាក៏មិនមានភាពជោគជ័យលើការបង្ក្រាបឧក្រិដ្ឋសកលនេះបានដែរ ជាក់ស្តែងនៅពេលដែលអាជ្ញាធរគ្រប់បណ្តាប្រទេស ដាក់ចេញវិធានការបង្ក្រាបកាន់តែខ្លាំង ពួកឧក្រិដ្ឋជនក៏ខិតខំរកវិធី ដើម្បីចរាចរណ៍គ្រឿងញៀន និងលក់គ្រឿងញៀន គ្រប់មធ្យោបាយដែរ។ លោកបន្តថា សម្រាប់កម្ពុជាសកម្មភាពបង្ក្រាបគ្រឿងញៀនទទួលបានលទ្ធផលល្អ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីធ្វើឲ្យសង្គមមួយនេះ មានសកម្មភាពគ្រឿងញៀនថមថយ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងអំណរគុណចំពោះក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៉ីវិល ជាតិ-អន្ដរជាតិ វិស័យជាតិ-វិស័យឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ព្រមទាំងមានការគាំទ្រទាំងសម្ភារ និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាគ្រឿងញៀន។
លោកបន្ដថា អាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនបានចូលរួម និងសហការគ្នាដោយភាពទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារប្រយុទ្ធគ្រឿងញៀនកន្លងទៅនេះ មានការប្រែប្រួល និងទទួលបានលទ្ធផលជោគជ័យគួរឲ្យកត់សម្គាល់ផងដែរ៕