(តាកែវ)៖ នៅក្នុង ឱកាសចូលរួមនៅក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ គណបក្សមូលដ្ឋាន វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លោក យស់ ណាស៊ី ប្រធានគណៈអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានធ្វើការដាស់តឿន ក៏ដូចជាក្រើនរំលឹកឲ្យមន្រ្តីគណបក្សថ្នាក់មូលដ្ឋាន បន្តខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាជាងមុន ក្នុងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ កាន់តែមានជំនឿចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជន។
លោក យស់ ណាស៉ី បានបន្ដថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅកាន់តែមានជីវភាពធូធារ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ទើបប្រជាពលរដ្ឋបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីដល់ គណបក្សប្រជាជនពីមួយអាណត្តិ ទៅមួយអាណត្តិ។
ដូច្នេះដើម្បីតបស្នងសងគុណដល់ម្ចាស់ឆ្នោត គប្បីសមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវប្រឹងប្រែងបំរើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ឲ្យអស់ពីសមត្ថភាព តាមរយៈការបម្រើសេវាជូនពួកគាត់ឲ្យបានទាន់ពេលវេលា ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសត្រូវជួយដោះស្រាយរាល់ទុក្ខលំបាក និងសេចក្ដីផ្សេងៗ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក យស់ ណាស៊ី បានបន្ថែមថា សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ មិនត្រូវសប្បាយនឹងជ័យជំនះ ដោយភ្លេចគិតពីការបម្រើប្រជាពលរដ្ឋនោះទេ។ សមាជិកបក្សទាំងអស់ ត្រូវតែខឹតខំឲ្យបានខ្លាំងក្លាជាងមុន ក្នុងការបម្រើម្ចាស់ឆ្នោត និងត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿចិត្ត លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅអាណត្តិខាងមុខៗ។
គួរជម្រាបថា ក្នុងពិធីនោះ លោក ធូ សុភាព ប្រកាសតែងតាំងជាផ្លូវការ ជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ៕