(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានពេលចេញពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៦នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រជាពលរដ្ឋខ្មែរបាននិងកំពុងផ្លាស់ប្តូរឥរិយាបថ ព្រមទាំងបានយល់ដឹង និងគោរពច្បាប់ចរាចរណ៍បានច្រើន បន្ទាប់ពីការអនុវត្តន៍ច្បាប់ចរាចរណ៍ត្រូវបានពង្រឹងនៅក្នុងឆ្នាំ២០១៦នេះ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «ពេលនេះប្រជាពលរដ្ឋទូទៅដូចជាចាប់ផ្តើមជ្រូតជ្រាប ហើយចូលរួមគោរពច្បាប់ចរាចរណ៍នេះ ដូចជាពាក់មួកសុវត្ថិភាព ការសេពសុរាពេលបើកបរ និងការធ្វើដំណើរចុះឡើងមានការប្រុងប្រយ័ត្នជាងមុន»។
ទោះបីជាយ៉ាងណា សម្តេចក្រឡាហោម ស ខេង នៅតែមានការព្រួយបារម្ភចំពោះការបើកបរលើសល្បឿនកំណត់ ហើយសម្តេចនឹង ពង្រឹង ហើយចាត់វិធានការបន្ថែមទៅលើការបើកបរលើសល្បឿនកំណត់នេះ។ សម្តេចបាន បញ្ជាក់ថា អាត្រាគ្រោះថ្នាក់ចរាចរបណ្តាលមកពីការបើកបរលើសល្បឿនកំណត់នេះ នៅតែមានអត្រាខ្ពស់រហូតដល់ជាង ៥០ភាគរយ។
អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនៅកម្ពុជា ត្រូវបានគេរកឃើញថា ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីជំងឺអេដស៍ ក្នុងនោះមានមនុស្សជាមធ្យមប្រមាណ ៧នាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារគ្រោះថ្នាក់ពេលធ្វើដំណើរ។ នៅឆ្នាំ២០១៦នេះ ច្បាប់ចរាចរ ណ៍ផ្លូវគោកថ្មី ដែលមានការផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍ ក៏ត្រូវបានចាប់ផ្តើមដាក់ឲ្យអនុវត្តន៍។
យានយន្តរាប់ម៉ឺនគ្រឿង មិនគោរពតាមបទដ្ឋានបច្ចេកទេស ដែលបានកំណត់ រួមទាំងអ្នកបើកបរមិនគោរពច្បាប់ផង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ចាប់ឃាត់ និងផាកពិន័យជារៀងរាល់ថ្ងៃ។
របាយការណ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រយៈពេលជាង១ខែកន្លះ ពោលចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ រហូតដល់សប្តាហ៍ទី២ នៃខែកុម្ភៈ ថវិកាជាង ៣ពាន់លានរៀល (៣,១០៤,០៥៥,០០០រៀល) ត្រូវបានផាកពិន័យពីអ្នកល្មើសច្បាប់ចរាចរណ៍។
បច្ចុប្បន្នកម្លាំងនគរបាល ក៏កំពុងរឹតបន្តឹង និងទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងផងដែរ។ ក្នុងនោះគោលដៅត្រួតពិនិត្យជា ច្រើន ត្រូវបានដាក់ពង្រាយក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៩យប់ រហូតដល់ ៣ទៀបភ្លឺ រង់ចាំស្ទាក់ចាប់អ្នកបើកបរក្រោមឥទ្ធិពលជាតិ ស្រវឹងលើសច្បាប់កំណត់។
វិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ គេរំពឹងថា នឹងជួយកាត់បន្ថយអត្រាមរណៈលើដងវិថី៕