(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់មន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវខិតខំគោរពបទបញ្ជា និងវិន័យរបស់កងរាជអាវុធហត្ថ ការសាមគី្គភាពផ្ទៃក្នុង នៅក្នុងអង្គភាព ក៏ដូចជាការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធឲ្យបានល្អប្រសើរ ដើម្បីបន្តការការពារសន្តិសុខ ការបង្ក្រាបបទល្មើសនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ជាដើម។
ការណែនាំរបស់លោក ម៉ែន វិបុល ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលាសាងសង់ អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទ៍។ ក្នុងនោះក៏មានការចូលរួមពី អភិបាលរងខេត្ត លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក ម៉ែន វិបុល បានស្នើអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងនៅតាមដងផ្លូវសាធារណៈនានា។ ទន្ទឹមនេះ កងរាជអាវុធហត្ថ ត្រូវថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។
ជាមួយគ្នានេះ លោកក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមជាង ដែលទទួលការសាងសង់អាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ត្រូវខិតខំធ្វើឲ្យសំណង់នេះ ធានាគុណភាពជាប់បានយូរអង្វែង មានសោភ័ណភាព សាកសមជាកន្លែងធ្វើការងាររបស់កម្លាំងរាជអាវុធហត្ថ ដែលបម្រើការងារការពារ សន្តិសុខ ជូនប្រជាពលរដ្ឋ៕