(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញដល់គ្រួសារក្រីក្រ ត្រូវខិតខំប្រឹងប្រែងយកសាច់ប្រាក់ ដែលទទួលបានពីរាជរដ្ឋាភិបាលទាំងជាង៧០ម៉ឺនគ្រួសារ ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះយកទៅប្រកបមុខរបរចិញ្ចឹម ជីវិត និងបង្កើតការងារដាំដុះ ចិញ្ចឹម សត្វដើម្បីបង្កើនជីវភាពឲ្យល្អប្រសើរ។
លោក វង សូត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងកំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណវត្តទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
លោក វង សូត បានបញ្ជាក់ទៀតថា គ្រួសារដែលក្រីក្រកំឡុងពេលកូវីដ១៩-នេះ គឺប្រសិនបើបញ្ហាវិបត្តិកូវីដត្រូវរលាយសាបសូន្យទៅវិញនោះ ការជួយឧបត្តម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលក៏ត្រូវបិទបញ្ចប់ដែល ខណៈបច្ចុប្បន្នបានផ្តល់បីខែទៀត ក្នុងឆ្នាំ២០២១នេះ រួមមាន៖ ខែមករា កុម្ភៈ និងមីនា ប៉ុន្តែចំពោះស្ត្រីក្រីក្រ និងកុមារ នៅតែទទួលការគាំពាសង្គម ឧបត្ថម្ភសាច់ប្រាក់ជារៀងរហូត។
ក្រោយពិធីសំណេះសំណាល លោក វង សូត និងលោកស្រី បានអញ្ជើញចុះពិនិត្យការកសាងអគាវិទ្យាល័យជាច រួចមកក៏បន្តដំណើរពិនិត្យការសាងសង់មណ្ឌលសុខភាពឃុំជាច ហើយចុងក្រោយចុះពិនិត្យការសាងសង់កុដ្ឋព្រះសង្ឃនៅវត្តជាចផងដែរ។
លោក វង សូត និងលោកស្រី ក៏បានឧបត្ថមទឹកប្រាក់ចំនួន៥០លានរៀល សម្រាប់កសាងព្រះវិហារក្នុងវត្តទួលសង្កែរ និងចំនួន៥០លានរៀល ក្នុងការកសាងកុដ្ឋក្នុងវត្តជាចផងដែរ៕