(សៀមរាប)៖ បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ ធនាគារអេស៊ីលីដា បានត្រៀមមូលនិធិ ជិត៦០០លានដុល្លារអាមេរិក សម្រាប់យកទៅគាំទ្រ លើវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់បណ្ឌិត អ៉ិន ចាន់នី ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១ នាយក-នាយិកា សាខាធានាគារ អេស៊ីលីដា ភីអិលស៊ី ស្ដីពី យុទ្ធសាស្ដ្រអនុវត្ដការងារ ឆ្នាំ២០២១ នៅក្នុងខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំនេះ បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២១ នេះ គឺយើងត្រៀមមូលនិធិ ប្រមាណជិត៦០០លាន ដុល្លារអាមេរិក សម្រាប់យកទៅគាំទ្រវិស័យ SMEs»។
បណ្ឌិត អ៉ិន ចាន់នី បានឲ្យដឹងថា ការផ្ដល់ឥណទាន របស់ធនាគារអេស៊ីលីដា នៅក្នុងឆ្នាំ២០២០ កន្លងទៅ មានតម្លៃសមរម្យ ដូច្នេះ អេស៊ីលីដា នៅតែបន្ដឲ្យដាក់ប្រើប្រាស់ និងក្នុងតម្លៃសមរម្យ នៅក្នុងឆ្នាំ២០២១បន្ដទៀត។
ជាមួយគ្នានេះ បណ្ឌិត អ៉ិន ចាន់នី បានគូសបញ្ជាក់ថា ការលូតលាស់ នៅក្នុងវិស័យធនាគារទាំងមូល មួយចំណែកដែលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថ បានធ្វើ គឺតាមរយៈ SME BANK ដែលមានមូលនិធី១០០លានដុល្លារ និងមានវិស័យធនាគារឯកជន ក៏បានចូលរួម។
លោកបណ្ឌិត បានបន្ដទៀតថា អេស៊ីលីដា បានចូលរួមចំណែកធំ ក្នុងវិស័យ SME របស់រាជរដ្ឋាភិបាល ព្រោះអេស៊ីលីដា យល់ឃើញថា វិធានការរបស់រាជរដ្ឋាភិបាល មានភាពត្រឹមត្រូវ ក្នុងការជួយឲ្យ SMEs បានប្រើប្រាស់នូវមូលនិធី ដែលមានតម្លៃសមរម្យ។
បណ្ឌិត អ៉ិន ចាន់នី បានលើកឡើងថា ប្រទេសដែលមាន ការអភិវឌ្ឍន៍ហើយ ឬក៏កំពុងអភិវឌ្ឍន៍ វិស័យ SMEs គឺជាគ្រឿងមាស៊ីន ដើម្បីជំរុញការលូតលាស់ ព្រោះកាលណា មាន SME កាន់តែច្រើន SME ខ្លួនឯងផ្ទាល់ នឹងផ្ដល់ឱកាសការងារកាន់តែច្រើន។
បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា SMEs អាចទ្រទ្រង់ខ្លួនឯងបាន ព្រោះមូលនិធីចំណូល ជំរុញចូលទៅក្នុងផលទុនជាតិ និងបំពេញកាតព្វកិច្ចពន្ធ ដូចសហគ្រាសដទៃ ដែលចូលរួមកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ឲ្យជាតិ យកទៅប្រើប្រាស់ក្នុងគោលដៅ អភិវឌ្ឍន៍ផ្សេងៗ។
បណ្ឌិត អ៉ិន ចាន់នី បានថ្លែងថា «ខ្ញុំគិតថា បើ SMEs មានសុខភាពល្អ បើ SMEs រីកចម្រើន សេដ្ឋកិច្ចក៏រីកចម្រើនដូចគ្នា»។
ជាមួយគ្នានេះ ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា រូបនេះ ក៏បានឲ្យដឹងផងដែរថា ក្នុងសេវាបញ្ញើសន្សំសព្វថ្ងៃ ក្នុងធនាគារអេស៊ីលីដា មានជាង២លាន៥សែន ហើយនឹងកើន ដល់ជាង៣លាន នៅក្នុងពេលឆាប់ៗនេះ។
ដោយឡែក ចំពោះអ្នកប្រើប្រាស់អេស៊ីលីដា Mobile វិញ ត្រូវបានបណ្ឌិត អ៉ិន ចាន់នី ប្រាប់ឲ្យដឹងថា មានចំនួន១លាន៧សែន ហើយនៅពេលដែល អេស៊ីលីដា លុបចោលនូវកម្រៃសេវាថែទាំ នឹងមានការកើនឡើងខ្លាំងថែមទៀត។
គូសបញ្ជាក់ថា បច្ចុប្បន្ន ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាននិងកំពុងផ្តល់ជូន នូវផលិតផលឥណទាន ទៅសហគ្រាសធុនតូច និងមធ្យម ក្រោម គម្រោងសហហិរញ្ញប្បទាន (SCFS) និងគម្រោងហិរញ្ញប្បទាន នៃសហគ្រាសធុនតូច និងមធ្យមកម្ពុជា (CSS)។
លើសពីនោះទៀត ព្រមទាំងគ្រោងពង្រីក ការផ្តល់ជូនហិរញ្ញប្បទាន ក្រោមគម្រោងផ្សេងៗទៀត ដូចជា គម្រោងហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីកម្ពុជា (CWE) និង គម្រោងហិរញ្ញប្បទាន សម្រាប់វិស័យឌីជីថល និងទំនើបកម្ម (CDAS) សម្រាប់សហគ្រាសធុនតូច និងមធ្យម នាពេលឆាប់ៗខាងមុខនេះ។
បន្ថែមពីលើផលិតផល និងសេវាឥណទាន ដែលផ្តល់ជូន SME ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងផ្តល់ជូនសេវាបញ្ញើ-សន្សំ ប្រកបដោយសុវត្ថិភាព និងប្រាក់ចំណេញបន្ថែមដល់សាធារណជន ដូចជា គណនីសន្សំ គណនីបុត្រធីតា គណនីនិវត្តន៍ជន, គណនីចរន្ត និង គណនីបញ្ញើមានកាលកំណត់ជាដើម។
នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវិស័យ SMEs ជាពិសេសក្នុងការជំរុញ ក្នុងការលើកកម្ពស់ឲ្យ SMEs នៅក្នុងប្រទេសកម្ពុជា ងាយស្រួលក្នុងការទទួលបាន នូវព័ត៌មានពាក់ព័ន្ធនឹងវិស័យនេះជាដើម។
យោងតាមរបាយការណ៍ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ចំនួនសហគ្រាសធុនតូច មធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ៥២,១៥៥មូលដ្ឋាន និងផ្តល់ការងារចំនួន ៨២៤,២៤៥នាក់៕