(ភ្នំពេញ)៖ បន្ទប់ជួលមួយកន្លែងរបស់ប្តីប្រពន្ធ ១គ្រួសារ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩៖០០ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ សង្ស័យថាបណ្ដាលមកពីការឆ្លងចរន្តឆ្នាំងដាំបាយអគ្គិសនី។
បន្ទប់ជួលនោះសាងសង់ពីថ្មប្រក់ស័ង្កសីដែលមានអ្នកស្នាក់នៅ ២នាក់ គឺប្ដីឈ្មោះ សន ចាន់នី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រផលិតអំពូល ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងមានស្រុកកំណើតនៅស្រុកគីរីវង់ ខេត្តតាកែវ និងប្រពន្ធឈ្មោះ គល់ ចាន់នី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រដំបូលក្រហម មានស្រុកកំណើតនៅឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកទ្រព្យសម្បត្តិនៅក្នុងបន្ទប់ ដែលត្រូវភ្លើងឆេះនោះ រួមមានគ្រឿងអលង្ការ និងសម្ភារប្រើប្រាស់សរុប ១ពាន់ដុល្លារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុអ្នកស្នាក់នៅក្នុងបន្ទប់ខាងលើនោះ បានដាំបាយឆ្នាំងអគ្គិសនី ក្រោយមកពួកគាត់ពុំបានដកឌូយចេញពីព្រីភ្លើងទេ រួចបានបិទទ្វារចាក់សោរចោល និងបានចាកចេញទៅធ្វើការនៅរោងចក្របាត់។ លុះដល់ពេលកើត ហេតុស្រាប់តែអ្នកជិតខាងឃើញមានផ្សែងហុយចេញពីក្នុងផ្ទះ ទើបមានការភ្ញាក់ផ្អើលឆោឡោ ហើយអ្នកជិតខាង និងកម្លាំងប្រជាការពារភូមិ ព្រមទាំងប្រជាការពារសង្កាត់កន្ទោក បាននាំគ្នាពន្លត់។
ចំណែកឯលោក សេង គន្ធ អភិបាលរងខណ្ឌកំបូល ក៏បានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ និងបានហៅរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងទៅកាន់ទីនោះផងដែរ។
ប្រភពដដែលបានបន្តថា ក្រោយពពីការជួយពន្លត់ស្មើដៃគ្នា រួមជាមួយរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់អស់ ២គ្រឿងផង ទើបភ្លើងរលត់ទៅវិញទាំងស្រុង មិនបានឆេះរាលឆ្លងទៅដល់បន្ទប់ផ្សេងទៀតឡើយ៕