(ត្បូងឃ្មុំ-កំពង់ចាម)៖ បុរសម្នាក់ដោយសារតែខឹងម្តាយក្មេករបស់ខ្លួន បានទៅដុតបំផ្លាញម៉ូតូនៅក្រោមផ្ទះ បណ្តាលឲ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតរាលដាលឆេះបំផ្លាញផ្ទះគ្មានសល់ទៀតផង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
មន្រ្តីនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា បង្កឈ្មោះ ណយ ណេត អាយុ៤៣ឆ្នាំជាកូនប្រសារ បានដុតម៉ូតូនៅក្រោមផ្ទះ ហើយបង្កឲ្យឆេះផ្ទះខ្លួនឯងទំហំ ៦x១១ម៉ែត្រ សង់ពីឈើប្រកក្បឿង១ខ្នង ម៉ូតូចាស់ ២គ្រឿង ស្រូវ១០បេ ប្រាក់ចំនួន២០ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀត ប៉ុន្តែជននេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនផងដែរ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះក៏មានករណីអគ្គិភ័យឆេះរោងសិប្បកម្មកែច្នៃតុ ទូ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុបាធាយ ខេត្តកំពង់ចាមផងដែរ ដោយឆេះបំផ្លាញរោងមានទំហំ ៧គុណ៨ម៉ែត្រ ព្រមទាំងសម្ភារដូចជា តុ គ្រែ ទូគ្រឿងសង្ហារិមជាដើម។
ករណីនេះកម្លាំងនគរបាល បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តមួយគ្រឿង ទើបអាចគ្រប់គ្រងស្ថានការបាន។ យ៉ាងណាក៏ដោយ ចំពោះករណីអគ្គិភ័យទាំង២នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ៕