(ភ្នំពេញ)៖ នៅទីបំផុតប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីយ៉ាងរ៉ាំរ៉ៃ ចំនួន៦៥គ្រួសារ នៅតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ក្រោយពួកគាត់រង់ចាំប្រមាណជិត២០ឆ្នាំ។
ពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ដោយលោក សារិន វណ្ណា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។
លោក សុខ ពេញវុញ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ទើបមានពិធីនៅថ្ងៃនេះ។ លោកបន្តថា ជាប្រវត្តិសាស្ត្រមួយដែលប្រជាពលរដ្ឋ រស់នៅតំបន់បឹងកក់ ចំនួន៦៥គ្រួសារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ស្របច្បាប់ តាមតម្រូវការ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ នុងសុរិយោដី បានថ្លែងថា កម្មសិទ្ធិមួយសន្លឹកនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះ ឬក្បាលដីនីមួយៗ ដូចនេះសូមថែរក្សាប័ណ្ណឲ្យបានល្អ និងមានសុវត្ថិភាពបំផុត។ ជាពិសេសនោះ សូមកុំយកវាទៅអ៊ុតរឹង ពីព្រោះវាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះទៅចុះបញ្ជីបន្ត។ លោកស្នើពលរដ្ឋពិចារណាឲ្យបានម៉ត់ចត់ ក្នុងករណីយកប័ណ្ណកម្មសិទ្ឋិនេះ យកទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ។
លោក សារិន វណ្ណា បានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់គ្នា ទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រផងដែរ។ ការដែលចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ មានការយឺតយ៉ាវ ដោយសាររដ្ឋបាលសាលារាជធានីភ្នំពេញ រង់ចាំការអនុញ្ញតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើសម្បទានឲ្យដល់ប្រជាពលរដ្ឋទាំងអស់នោះ។
លោកបន្ថែមថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានយ៉ាងច្បាស់មានប្រសិទ្ធិភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋក្នុងការកាន់កាបដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ ការគ្របគ្រងដីធ្លីបានល្អ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូល ចំណូលចូលថវិកាជាតិ និងផ្តល់លក្ខណៈងាយស្រួល ដល់ការជំរុញកិច្ចវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ។
ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ហើយការចុះវាស់វែងដី និងផ្តល់ប័ណ្ណនាពេលនេះ ប្រជាពលរដ្ឋ បង់ថ្លៃតែ៥០០រៀលទេ គឺជាការប្រទានកម្មដីធ្លីពីសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ ដែលគាត់រង់ចាំអស់ជាង២០ឆ្នាំ កន្លងមកហើយ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឲ្យដឹងថា «មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធជាផ្លូវការហើយ ក្រោយបងប្អូនរង់ចាំជាយូរមកនេះ»។
ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង៦៥គ្រួសារ បានធ្វើលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីផងដែរ ដែលបានយកចិត្តទុកដាក់ និងខិតខំរកដំណោះស្រាយជូនពួកគាត់៕