(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់គ្រប់ៗគ្នាថា ជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរសនោះ បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដ៏ច្រើនរហូតដល់២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បី ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។
ការប្រគល់ថវិកាទាំងអស់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ហើយក៏ចំថ្ងៃពិសេសគឺថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា ហុង ពីវ គម្រប់អាយុ៦៦ឆ្នាំ។
នេះជាលើកទី៥ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ចាគថវិកាដ៏ច្រើនដល់មន្ទីរពេទ្យគន្ធបុប្ផា, ដោយកាលពីឆ្នាំ២០១៦ ឧបត្ថម្ភ១លានដុល្លារ ឆ្នាំ២០១៧ ឧបត្ថម្ភ២លានដុល្លារ ឆ្នាំ២០១៨ ២,១៦៨,៨៨៨ដុល្លារ, ឆ្នាំ២០១៩ ២,១៨៨,៨៨៨ដុល្លារអាមេរិក និងឆ្នាំ២០២១នេះ ចំនួន២លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា។
សូមរំលឹកថា កាលពីឆ្នាំ២០២០ អ្នកឧកញ៉ា ហុង ពីវ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកាល់ម៉ែត ៣លានដុល្លារអាមេរិក, ជួយឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ចំនួន ២លានដុល្លារអាមេរិក, ជួយឧបត្ថម្ភថវិកាចំនួន៣លានដុល្លារអាមេរិកទិញវ៉ាក់សាំងកូវីដ, ជួយដល់គ្រោះទឹកជំនន់ចំនួន៥០ម៉ឺនដុល្លារអាមេរិក។ ក្រៅពីទឹកចិត្តសប្បុរស ជួយឧបត្ថម្ភខាងលើនេះ អ្នកឧកញ៉ាក៏បានជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជារៀងរាល់ឆ្នាំ, ជួយប្រជាពលរដ្ឋក្រីក្រ, ជួយសាងសង់អគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ, ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន និងចែកអង្គរសែនក្រអូបដល់ប្រជាពលរដ្ឋ និងមានជួយកន្លែងផ្សេងៗទៀតជាច្រើន។ល៕