(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញផលិតផលថ្មីបំផុតទៅក្នុងគ្រួសារ Galaxy គឺ Samsung Galaxy S7 និង Galaxy S7 edge។ ទូរស័ព្ទ Samsung Galaxy S7 និង Galaxy S7 edge ជាស្មាតហ្វូនដែលនាំមុខគេ ដោយសារតែមាន រូបរាងដ៏ប្រណីត កាមេរ៉ាកាន់តែទំនើប ដែលអាចថតបាននៅក្នុងទីងងឹត មានកម្មវិធីល្អៗជាច្រើន ហើយអាចប្រើប្រាស់បានច្រើនជាមួយ ផលិតផលផ្សេងៗទៀតរបស់ Samsung។
លោក DJ Koh ដែលជាប្រធានផ្នែកទូរគមនាគមន៍របស់ Samsung បាននិយាយថា៖ «ពួកយើងជឿជាក់ថាពិភពលោកកាន់តែអស្ចារ្យ ហើយកាន់តែសប្បាយរីករាយជាងមុន។ ដូច្នេះពួកយើងខិតខំបង្កើត Galaxy S7 និង Galaxy S7 edge ដែលមានរូបរាងដ៏ល្អប្រណីត ព្រមទាំងមុខងារសំខាន់ៗជាច្រើន ដែលធ្វើឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ថ្មីមួយដ៏ល្អឥតខ្ចោះ។
កាមេរ៉ារបស់ Samsung Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើឲ្យរូបភាពកាន់តែភ្លឺច្បាស់ ទោះជាថត នៅកន្លែងដែលមិនសូវមានពន្លឺ។ ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel មាន Lens ធំជាងមុន មាន Aperture និងភិចសែលកាន់តែធំជាងមុន កាមេរ៉ារបស់វា អាចចាប់យករូបភាពក្នុងទីងងឹតបានច្បាស់ហើយលឿនជាងមុន ។
ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរហូតដល់ទៅ 5,1អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ 5,5អ៊ីន។ ទូរស័ព្ទទាំងពីរនេះត្រូវបានផលិតចេញពីកញ្ចក់ 3D និងលោហធាតុដែលភ្លឺរលោង ហើយរឹងមាំព្រមទាំងមានគែមកោងសងខាង ងាយស្រួលកាន់ដោយដៃតែម្ខាង។ ជាមួយមុខងារ Always-On Display លោកអ្នកអាចមើលម៉ោង ប្រតិទិន ការទូរស័ព្ទចូលដែល មិនបានលើក និងសារផ្សេងៗបានគ្រប់ពេល ទោះអ្នកមិនប្រើម្រាមដៃប៉ះទូរស័ព្ទក៏ដោយ។
ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាចការពារការជ្រាបទឹកដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវ Shortcut ដែលលោកអ្នកអាចប្រើអ៊ីម៉ែល ថត Selfie ថតPanorama និងប្រើកម្មវីធីផ្សេងៗបានយ៉ាងសាមញ្ញភ្លាមៗ។
Samsung Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះ ទៀតវាមានកន្លែង ដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើស៊ីមតែមួយ។
Samsung ក៏បានអភិវឌ្ឍន៍គ្រប់ផ្នែកទាំងអស់មិនថា Hardware និង Software ដើម្បីឲ្យអ្នកប្រើប្រាស់ លេងហ្គេមបានយូរជាងមុន ដោយសារតែថ្មកាន់បានយូរ ហើយទូរស័ព្ទមិនឡើងកំដៅលឿនដូចទូរស័ព្ទផ្សេង ទៀត។ ជាមួយនឹងបច្ចេកវិទ្យាថ្មី Game Launcher អ្នកប្រើប្រាស់អាចថតការលេងហ្គេមលើទូរស័ព្ទ ពេលកំពុងលេងហើយចែករំលែកទៅមិត្តភ័ក្តឬក៏អ្នកលេងដ៏ទៃទៀត។ ដោយមានការសហការគ្នារវាង Samsung និង Vulkan API អ្នកប្រើទូរស័ព្ទនេះអាចលេងហ្គេមដែលមានក្រាហ្វិចធំហើយ មិនស៊ីថ្មខ្លាំង។ ទូរស័ព្ទ Galaxy S7 និង Galaxy S7 edge នឹងមានវត្តក្នុងទីផ្សារប្រទេសកម្ពុជានៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៦ នេះ៕