(ភ្នំពេញ)៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសម្រេចផ្តល់ «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship» ចំនួន ១០០ កន្លែង ដែលមានតម្លៃ ១៧.០០០ ដុល្លារ ក្នុងនិស្សិតម្នាក់សម្រាប់សិក្សាថ្នាក់ បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) មក បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ពីសំណាក់យុវជនយុវនារី យើងមកលើកម្មវិធីអាហារូបករណ៍នេះ។
ជាក់ស្តែងគិតត្រឹមថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជា ទទួលបានបេក្ខជន ដាក់ពាក្យសរុបចំនួនរហូតដល់ ២ ២០៧នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៨៣៤ នាក់។
បេក្ខជនជ័យលាភី «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» ម្នាក់ៗនឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃសរុបប្រមាណ ១៧.០០០ ដុល្លារ សម្រាប់ការសិក្សា ៤ ឆ្នាំ ក្នុងនោះមានប្រាក់ឧបត្ថម្ភ ១២០ដុល្លារ ក្នុងមួយខែ ព្រមទាំងផ្តល់កុំព្យូទ័រយួរដៃ មួយគ្រឿងសម្រាប់ការសិក្សាផងដែរ។
អាហារូបករណ៍នេះនឹងផ្តល់ជូនដល់និស្សិតឆ្នើមដើម្បីមកសិក្សានៅបណ្ឌិត្យសភា បច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដែលជាគ្រឹះស្ថានអប់រំស្រាវជ្រាវរដ្ឋឈានមុខគេក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា លើជំនាញបរិញ្ញាបត្រ (១) ទូរគមនាគមន៍និងបណ្ដាញ Telecoms & Networking (២) វិទ្យាសាស្ត្រកុំព្យូទ័រ Computer Science និង (៣) ពាណិជ្ជកម្មអេឡិចត្រូនិក e-Commerce។
នេះគឺជាលើកទី១ហើយនៅកម្ពុជា ដែលគ្រឹះស្ថានអប់រំស្រាវជ្រាវសាធារណៈ បានផ្តល់នូវអាហារូបករណ៍ដ៏ពិសេសមួយ ក្នុងបំណងលើកស្ទួយធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកទឹកចិត្តដល់យុវជនយុវនារីឆ្នើមកម្ពុជា ឲ្យសិក្សាជំនាញឌីជីថលហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះនាពេលអនាគត ក្នុងខណៈដែលប្រទេសយើងកំពុងតែកសាងខឿនសេដ្ឋកិច្ចឌីជីថល និងឈានទៅអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤។
ឆ្លៀតក្នុងឱកាសនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវដល់ក្មួយៗ សិស្សានុសិស្សដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រ ដែលមានបំណងសិក្សាជំនាញបច្ចេកវិទ្យា តែមិនទាន់បានដាក់ពាក្យប្រឡង សូមរួសរាន់មកដាក់ពាក្យនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (អតីតវិទ្យាស្ថានជាតិ NIPTICT) ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២១។
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាស្ថាប័នឧត្តមសិក្សាមួយដែលមានកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀនយ៉ាងសម្បូរបែប ដោយមានបញ្ចូលជំនាញបច្ចេកទេស (Technical Skill) ជំនាញទុន (Soft Skill) សហគ្រិនភាព (Entrepreneurship) ភាពជាអ្នកដឹកនាំ(Leadership) និងថែមទាំងមានដាក់បញ្ចូលនូវកម្មសិក្សាចំនួនពីរដងនៅក្រុមហ៊ុន ដើម្បីឲ្យនិស្សិតរបស់យើងចាប់បាននូវចំណេះដឹង ចំណេះធ្វើ និងជំនាញយ៉ាងពិតប្រាកដ ក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថលស្របតាមបំណងប្រាថ្នារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលចង់បានធនធានមនុស្សដ៏ឆ្នើមដើម្បីចូលរួមកសាងប្រទេសជាតិ។
បេក្ខជនដែលមានបំណងសុំអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សូមចុះឈ្មោះប្រឡងប្រជែងតាមរយៈគេហទំព័រ www.niptict.edu.kh/apply ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងបណ្ឌិត្យសភាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) តាមទូរស័ព្ទលេខ 010 340000 ឬអ៊ីម៉ែល [email protected] ។