(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា នឹងជំរុញការធ្វើអត្តសញ្ញាណបណ្ណប្រភេទថ្មីជូនប្រជាពលរដ្ឋខ្មែរឲ្យបានចប់សព្វគ្រប់ និងទាន់ពេលវេលា នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។
ការថ្លែងប្តេជ្ញាខិតខំធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋខ្មែរឲ្យទាន់ការបោះឆ្នោតនៅឆ្នាំក្រោយនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង អញ្ជើញចេញពីសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និង លើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់ថា ជាទិសដៅការធ្វើអត្តសញ្ញាណបណ្ណនេះមានចំនួនជាង ១០លាននាក់ ហើយបច្ចុប្បន្ននៅសល់តែ ៣,៦លានទៀតប៉ុណ្ណោះ។ សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសង្ឃឹម សង្ឃឹមថាទាន់! ហើយការប្រជុំគ្នានៅពេលនេះ ក៏ជាវេទិកាមួយ ដើម្បីជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ អភិបាល ក៏ដូចជានគរបាលខិតខំពន្លឿនជំរុញការងារបន្តទៀត»។
តែទោះជាយ៉ាងណាសម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដែរថា ប្រសិនបើធ្វើអត្តសញ្ញាណបណ្ណមិនទាន់ ប្រជាពលរដ្ឋ ក៏អាចយកគល់បញ្ជី ចុងសន្លឹក ដែលមានបិទរូបថតនោះទៅចុះឈ្មោះបោះឆ្នោត បានដែរ៕