(ភ្នំពេញ)៖ បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានកាពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ឲ្យថា នៅឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិមានចំនួនទឹកប្រាក់ជាង ២៤លានដុល្លារ កើនឡើងជាង៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ជាមួយគ្នានេះកម្ពុជាអាចបង្កើតទីផ្សារនាំចេញទៅកាន់ប្រទេសកូរ៉េផងដែរ។
លោកបណ្ឌិត កែ មុន្ធីវុធ បានបញ្ជាក់ទៀតថា បើយោងកំណត់ត្រាដោយប្រព័ន្ធទិន្នន័យភូតគាមអនាម័យ នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២០ បរិមាណស្វាយស្រស់នាំចេញសរុបចំនួនជាង ២៤លានដុល្លារ ស្មើនឹង៩៧ ៦២៧តោន ក្នុងនោះនាំចេញទៅកាន់ប្រទេសដូចជា៖ ប្រទេសវៀតណាម ៦៥ ៤៥១តោន, ប្រទេសថៃ ៣១ ៩៥៣តោន, ប្រទេសកូរ៉េ ៧៧តោន, ប្រទេសបារាំង ២៨.៨តោន, ចិនហុងកុង ៥៥.៥តោន, ប្រទេសរុស្សី១៩តោន និងប្រទេសសិង្ហបុរី ៤៣តោន។
លោកបានបន្ថែមថា សម្រាប់តម្លៃផ្លែស្វាយស្រស់ ដែលនាំចេញក្នុងឆ្នាំ២០២០ មានចំនួនជាង ២៥០ដុល្លារក្នុង១តោន ហើយសរុបបរិមាណទាំងអស់នៃផ្លែស្វាយស្រស់នាំចេញចំនួន ៩៧ ៦២៧.៦តោន ស្មើនឹងចំនួនទឹកប្រាក់សរុប ២៤ ៤០៦ ៩០០ដុល្លារអាមេរិក។
លោកបញ្ជាក់ទៀតថា ឆ្នាំ២០១៩ ផ្លែស្វាយស្រស់នាំចេញទៅកាន់ទីផ្សារមានចំនួន ៥៨ ១៦២តោន ក្នុងនោះនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារក្រៅប្រទេសដូចជា៖ ប្រទេសវៀតណាមចំនួន ៣៨ ៧៦៤.៦២តោន, ប្រទេសថៃចំនួន ១៩ ២០៥.៦១តោន, ប្រទេសបារាំងចំនួន ៩៧.៩៥តោន, ប្រទេសរុស្សីចំនួន ៣៨.១៩តោន, ហុងកុងចំនួន ២៧.៩៥តោន និងបណ្ដាលប្រទេសផ្សេងទៀតមានចំនួន ២៧.៨៥តោនផងដែរ។
លោក កែ មុន្នីវុធ បានបន្តឲ្យដឹងទៀតថា «នៅឆ្នាំ២០២១នេះ សម្រាប់ដំណាំផ្លែស្វាយដែលនឹងនាំចេញនោះ នឹងមានសញ្ញាណល្អប្រសើរបន្ថែមទៀត ដោយសារតែយើងនឹងធ្វើការនាំចេញត្រង់ទៅទីផ្សារចិន បន្ទាប់ពីមានក្រុមហ៊ុនប្រមូលទិញចំនួន៤ ដែលជាក្រុមហ៊ុនមានដំឡើងម៉ាស៊ីន ធ្វើអនាម័យសម្លាប់មេរោគស្វាយមុននឹងធ្វើការនាំចេញ»។
លោកបន្តថា បច្ចុប្បន្នអគ្គនាយកដ្ឋានកសិកម្មបានកំពុងពិនិត្យ និងវាយតម្លៃ បន្ទាប់ពីបានចុះទៅពិនិត្យមើលរួចមក លើការបំពាក់ដំឡែងឧបករណ៍ និងធ្វើតេស្ដ ឲ្យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដូច្នេះនៅពេលដែល៤ក្រុមហ៊ុននេះមានដំណើរការ ហើយចុះបញ្ជីទៅក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិនហើយ លោកគិតថាវាជាចំណុចល្អមួយ ដែលអាចស្រូបយកទីផ្សារស្វាយដែលត្រូវនាំចេញទៅចិនផងដែរ។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបងបានបញ្ជាក់ថា ស្ថានភាពផ្លែស្វាយនៅក្នុងខេត្តបាត់ដំបង នៅ២០២០ គឺមានតម្រូវការខ្ពស់ខ្លាំង ហើយក្នុងនោះក៏មានការទាមទារខ្លាំងណាស់ដែរ ដោយផ្លែស្វាយដែលត្រូវនាំចេញនោះត្រូវមានទម្ងន់៣ផ្លែ ទៅ៤ផ្លែក្នុង១គីឡូ ទើបគេទទួលទិញ ប្រសិនបើលើសពីនេះក៏មិនអាចលក់ចេញបានផងដែរ។ លោកបន្តថា ចំពោះតម្លៃវិញឆ្នាំ២០២០ មានតម្លៃខ្ពស់ជាងឆ្នាំ២០១៩ ឆ្ងាយដែរ។
លោកបានបញ្ជាក់ថា សម្រាប់ការនាំចេញផ្លែស្វាយ ដែលបានដាក់ស្នើតាមរយៈ CO ស្របច្បាប់ក្នុងខេត្តបាត់ដំបង នៅឆ្នាំ២០១៩ មានចំនួន៥ ៣០០តោន ស្មើនឹងទឹកប្រាប់ជាង ២៥៥ ០០០ដុល្លារអាមេរិក។ ចំពោះការនាំចេញផ្លែស្វាយនៅឆ្នាំ២០២០វិញ ឃើញថាមានការកើនឡើងជាង៣ដង មានចំនួន១៦ ០០០តោន ស្មើនឹងទឹកប្រាក់ជាង ១ ៥០០ ០០០ដុល្លារអាមេរិក៕