សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកានិងសម្ភារ ដោះស្រាយជីវភាពរស់នៅដល់ក្មួយស្រី ប៉ិច ស្រីនៅ រងគ្រោះដោយភ្លើងឆេះផ្ទះ
23-02-2016 12:33
(កំពង់ឆ្នាំង)៖ បន្ទាប់ពីប្រគល់ថវិកាជូន លោកយាយ មួន តៃ អាយុ ៧៥ ឆ្នាំ រស់នៅក្នុង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងរួចមក នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ រួចមក លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងក្រុមការងារបានបន្តដំណើរទៅសួរសុខទុក្ខ និងនាំយកថវិកា កង់មួយ និងសម្ភារៈមួយចំនួន ជាអំណោយមនុស្សធម៌របស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនគ្រួសារក្មួយស្រី ប៉ិច ស្រីនៅ សិស្សថ្នាក់ទី១២ កំព្រាឳពុក រស់នៅជាមួយជីដូន រងគ្រោះដោយភ្លើងឆេះផ្ទះ ក្នុងភូមិស្នោរ ឃុំខខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ហេតុការភ្លើងឆេះផ្ទះនេះ បានបណ្ដាលឲ្យ ក្មួយស្រី ប៉ិច ស្រីនៅ ពុំបានទៅប្រឡង ហើយក៏ពុំបានចុះឈ្មោះរៀនបន្តដែរ ព្រោះជីវភាពកាន់តែដុនដាបជាបន្ដបន្ទាប់ ដូច្នេះហើយ ជាមួយនឹងថវិកានេះក្មួយស្រី នឹងយកទៅប្រកបរបរចិញ្ចឹមមាន់ ព្រោះធ្លាប់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសផ្នែកនេះ។
ដោយឡែក លោកស្រី អគ្គលេខាធិការរងទី១ បានឆ្លៀតឱកាសចុះសួរសុខទុក្ខផ្ទាល់ និងជូនអំណោយ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដល់ចាស់ជរាក្រីក្រក្នុងភូមិចំនួន ១២គ្រួសារថែមទៀត ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ៥ម៉ឺនរៀលបន្ថែមទៀតផងដែរ៕