(ភ្នំពេញ)៖ ពលករខ្មែរចំនួន ៦នាក់ នៅប្រទេសម៉ាឡេស៉ី ដែលទើបត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ីជួយសង្គ្រោះ បានមកដល់មាតុភូមិវិញហើយ។ នេះបើតាមលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លោក កុយ គួង បានឲ្យដឹងថា ផ្អែកតាមកាលវិភាគ ពលករទាំង ៦នាក់នោះ បានមកដល់មាតិភូមិវិញ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ហើយពួកគេគឺជាអ្នកឆ្លងដែនខុសច្បាប់។
សូមជម្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៉ី បានអន្តរាគមន៍ជួយពលករខ្មែរ ៦នាក់ និងទារិកាម្នាក់ ឲ្យបានធ្វើមាតុភូមិនិវត្តន៍វិញ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង។
លោក កុយ គួង បានឲ្យដឹងទៀតថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន០៦នាក់ និងទារិកា០១នាក់ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣៥នាទីល្ងាច។
បើតាមលោក កុយ គួង, ស្ថានទូតបានជួយរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៉ី ជូនទៅធ្វើតេស្ត កូវីដ១៩ ព្រមទាំងបានចាត់មន្រ្តី ជូនពលករ ពលការិនី និងទារិកាខាងលើ ទៅអាកាសយានដ្ឋាន អន្តរជាតិ KLIA ផងដែរ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក៏បានអំពាវនាវដល់ពលករខ្មែរនានា ឱ្យឈប់ធ្វើចំណាកស្រុកដោយខុសច្បាប់ទៀត បន្ទាប់ពីស្ថានទូតទើបនឹងអន្តរាគមន៍ជួយសង្គ្រោះពលករខុសច្បាប់ជាច្រើនរូប ដែលរងគ្រោះនៅប្រទេសម៉ាឡេស៉ី។
នេះមិនមែនជាលើកទី១ទេ ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតនៅក្រៅប្រទេស បានជួយសង្គ្រោះប្រជាពលរដ្ឋ ដែលចាញ់បញ្ឆោតមេខ្យល់ ក្នុងការធ្វើចំណាកស្រុក៕