(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានជំរុញឲ្យសមាជិកសហការជាមួយអាជ្ញាធរខណ្ឌ និងសង្កាត់ ពិនិត្យមើលឡើងវិញ រាល់សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈ ដើម្បីលើកយកមកធ្វើការដោះស្រាយជូនពលរដ្ឋ ក្នុងមូលដ្ឋានកុំឲ្យមានការថ្នាំងថ្នាក់។
លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ដែលមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ។
លោក ព្រុំ សំខាន់ បានបន្ថែមថា តាមរយៈការងារដែលបានណែនាំពីប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងនាមអាជ្ញាធរថ្នាក់ខណ្ឌ និងសង្កាត់ត្រូវតែធ្វើការតាមដាន និងសម្រង់ឲ្យបានល្អិតល្អន់ ហើយរាល់សំណូមពរ ដែលនៅសេសសល់ត្រូវធ្វើការរបាយការណ៍មក ដើម្បីបន្តធ្វើការដោះស្រាយជូនពួកគាត់។
លោកប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានបញ្ជាក់ថា នេះជាការសហការគ្នាក្នុងនាមអាជ្ញាធរក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋក៏ដូចជា ការធ្វើឲ្យរដ្ឋបាលខណ្ឌមានភាពរីកចំរើនឆ្លើយតបតាមតំរូវការចង់បានរបស់ពលរដ្ឋ មិនមើលបំណាំគ្នាទៅវិញទៅមក។
លោក ថេង សុថុល បានថ្លែងនៅក្នុងកិច្ចប្រជុំ ឯកភាពចំពោះការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាខណ្ឌ ពាក់ព័ន្ធការដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធភាពអសកម្ម និងការងារដែលនៅសេសសល់ របស់ប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាសាធារណៈកន្លងមក។
លោក ថេង សុថុល បានបន្តថា ក្នុងនាមអាជ្ញាធរមូលដ្ឋានដែលចុះអនុវត្តការងារផ្ទាល់ជាមួយប្រជាពលរដ្ឋត្រូវរួម សហការគ្នា ធ្វើការងារនេះ ដើម្បីពង្រឹងយន្តការ ភាពអភិវឌ្ឍន៍និងការរីកចំរើន ក៏ដូចជាការផ្តល់សេវាល្អជូនពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌ។
លោកអភិបាលខណ្ឌបានបន្ថែមថា កន្លងមករាល់ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌសង្កាត់ បានធ្វើការដោះស្រាយបាន ភាគច្រើនស្ទើទាំងស្រុងនៅសល់តិចតួច តែទោះយ៉ាងណានឹងបន្តធ្វើការដោះស្រាយឲ្យ បានទាំងស្រុងជូនប្រជាពលរដ្ឋ។
របាយកាណ៍បានឲ្យដឹងថា គណៈបញ្ជាការឯកភាពខណ្ឌ បានចុះធ្វើវេទិកាសាធារណៈបាន០៥លើក ដែលមានអ្នកចូលរួមសរុប២៣៤នាក់ និងបានទទួលមតិរបស់ប្រជាពលរដ្ឋ ដែលបានបង្ហាញពីក្តីបារម្ភជុំវិញការកើតមាន បទល្មើសផ្សេងៗ បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ប្រឡាយ ។ល។ គ្រប់សំណូមពររបស់ប្រជាពលរដ្ឋខាងលើ ត្រូវបានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ធ្វើការដោះស្រាយស្របតាម ការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព៕