(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានី-ខេត្តមួយចំនួន ដែលធ្វេសប្រហែស ឲ្យប្រជាពលរដ្ឋក្នុងដែនដីរបស់ខ្លួន ធ្វើចំណាកស្រុកដោយខុសច្បាប់បាន ស្របពេលពិភពលោកកំពុងរឹតបន្តឹងការធ្វើដំណើរ ដោយសារវិបត្តិកូវីដ១៩។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានសម្តែងការខកចិត្តយ៉ាងដូច្នេះ ក្នុងឱកាសលោកស្រី អញ្ជើញជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅក្រសួងមហាផ្ទៃ។
នៅចំពោះមុខអគ្គលេខាធិការ អគ្គលេខាធការរង ទីប្រឹក្សាបច្ចេកទេស ប្រធានលេខាធិការដ្ឋានរដ្ឋបាល ប្រធានក្រុមជំនួយកិច្ចការ នៃគណៈកម្មាធិការជាតិប្រយុត្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងតំណាង រាជធានី-ខេត្ត ទូទាំងប្រទេស លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ការធ្វើប្រហែសរបស់អាជ្ញាធរទាំងនោះ បានធ្វើឲ្យប្រទេសកម្ពុជាខាតបង់យ៉ាងខ្លាំង។ ខាតបង់ដោយសារតែកម្ពុជាកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ផ្នែកការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ក្រោមការវាយតម្លៃរបស់សហរដ្ឋអាមេរិក ហើយលោកស្រីថ្លែងទៀតថា បើនៅបន្តយ៉ាងដូច្នេះទៀតកម្ពុជា នឹងធ្លាក់ទៅលេខ៣ ដោយស្វ័យប្រវត្តិមិនខាន។
បើតាម លោកស្រី ជូ ប៊ុនអេង, ការធ្វេសប្រហែសនោះ ដោយសារនៅតែមានមេខ្យល់នាំប្រជាពលរដ្ឋចំណាកស្រុកដោយខុសច្បាប់ ដែលលោកស្រីចាត់ទុកថា នេះជារឿងអសមត្ថភាពមួយរបស់អាជ្ញាធរមូលដ្ឋាន ដែលធ្វើការងារមិនបានល្អ។ លោកស្រីថា មានករណីខ្លះរកឃើញស្ត្រីអាយុ ១៨ឆ្នាំ ឬ ១៩ឆ្នាំ មានផ្ទៃពោះនៅក្នុងប្រទេសចិន ស្រែកអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយទៀតផង។
លោកស្រីបន្តដោយដាក់សំណួរថា «ទៅដោយរបៀបណា? គ្រាន់តែនិយាយថារកឃើញជនរងគ្រោះនៅប្រទេសគេនោះ យើងសាកគិតពីដំណើរផ្សងព្រេងរបស់គាត់ ចេញទៅដោយរបៀបណា? បើយើងបិទព្រំដែនបានល្អ ឬមួយបើយើងឃុំគ្រងប្រជាពលរដ្ឋនៅមូលដ្ឋានយើងបានល្អ បើសិនជាយើងធ្វើការអប់រំផ្សព្វផ្សាយបានល្អ វាមិនអាចទៅរួច»។
លោកស្រីរដ្ឋលេខាធិការ បានលើកឡើងបន្តថា អំឡុងពេលមានវិបត្តិកូវីដ១៩នេះ អំពើជួញដូរមនុស្សចាប់ផ្តើមកម្រើកឡើងមិនថានៅប្រទេសណានោះទេ ក្នុងនោះកម្ពុជាក៏មានបញ្ហានេះកើតឡើងផងដែរ។ លោកស្រីថ្លែងថា នៅកម្ពុជាសកម្មភាពសម្តែងអំពើជួញដូរមនុស្សអំឡុងពេលវិបត្តិកូវីដ១៩នេះ មាន២មុខសញ្ញា គឺទី១៖ ការនាំមនុស្សចេញឆ្លងដែនដោយខុសច្បាប់ ដោយមានគោលដៅ និងធ្វើការកេងប្រវ័ញ្ច និងទី២គឺ៖ ការនាំមនុស្សទៅរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ។
លោកស្រីបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «អញ្ចឹងបើវាទៅរួច បានន័យថា មានភាពចន្លោះប្រហោងហើយ។ ហើយបើនិយាយពីករណីដែលយើងរកឃើញ ពីឆ្នាំកន្លងទៅនេះ គឺមិនមែនមានតែ ១ខេត្ត ឬ ២ខេត្ត នោះទេ គឺសឹងតែទូទាំងប្រទេស។ នេះដោយសារតែយើងចាញ់ប្រៀបមេខ្យល់ ដែលយើងមានមន្ត្រីជ្រោងគ្រប់កន្លែង មានទាំងសមត្ថកិច្ច មានទាំងអាជ្ញាធរ មានទាំងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ខ្សែភ្នែក NGO (អង្គការក្រៅរដ្ឋាភិបាល) ដូចភ្នែកម្នាស់ ប៉ុន្តែទីបំផុតយើងមានដង្កូវរុក បានន័យថាមានជនដែលឆ្លៀតឱកាសធ្វើកកូរកកាយពេញស្រុក...»។
ទន្ទឹមនឹងសម្តែងការខកចិត្តរបស់ខ្លួន លោកស្រី ជូ ប៊ុនអេង ថែមទាំងស្តីបន្ទោសអាជ្ញាធររាជធានី-ខេត្តមួយចំនួនទៀតផង ដែលមិនសូវសកម្មនៅក្នុងសកម្មភាព ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ខណៈខេត្តគោលដៅមួយចំនួន ក៏សឹងមិនមានសកម្មភាពថែមទៀត។ ក្នុងន័យនេះដែរ លោកស្រីបានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវខិតខំពង្រឹងការងាររបស់ខ្លួនឡើងវិញ ព្រោះថាការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ មានសារៈសំខាន់ខ្លាំងណាស់។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយផងដែរ ដែលសង្កេតឃើញថា សកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ រហូតដល់អង្គការសហប្រជាជាតិ តាមរយៈអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) សម្រេចដាក់កម្ពុជាបញ្ជូលជាបេក្ខភាពប្រទេសជ័យលាភី ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ លោកស្រីអះអាងថា នៅអាស៉ីនេះផងដែរ មានប្រទេស ២ប៉ុណ្ណោះ ដែលក្លាយជាបេក្ខភាពជ័យលាភីនៃរង្វាន់ខាងលើ។
ជាការកត់សម្គាល់ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា តែងតែអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរាប់នាក់ ដែលចាញ់បោកមេខ្យល់នាំធ្វើចំណាកស្រុក។ មានប្រជាពលរដ្ឋខ្លះ ត្រូវគេយកទៅធ្វើបាបរហូតក្លាយជាមនុស្សវិបល្លាសស្មារតីក៏មាន៕