(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ អំពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ៧៥៦ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្ត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។
អ្នកនាំពាក្យមជ្ឈមណ្ឌល CCSA លោកស្រី អាភិសាម៉ៃ ស្រីរាំងសាន (Apisamai Srirangsan) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតប្រចាំថ្ងៃថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ៧៤៦ករណីជាករណីឆ្លងក្នុងស្រុក ហើយក្នុងចំណោមនោះរួមមាន ៧២៤ករណី ត្រូវបានរាយការណ៍ចេញពីខេត្ត សាមុត សាខន (Samut Sakhon) ជាកន្លែងដែលការផ្ទុះឡើងនៃ COVID-19 ចុងក្រោយបង្អស់នៅក្នុងប្រទេសថៃ។ ចំណែកឯ ១០ករណីទៀតជាករណីនាំចូល។
ការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំរយៈពេលមួយសប្តាហ៍ បានធ្វើឲ្យមានការកើនឡើងនូវចំនួនករណីឆ្លង ក្នុងរយៈពេល ០៣ថ្ងៃជាប់ៗគ្នា ដែលការធ្វើតេស្តនេះមានគោលបំណងកាត់បន្ថយអត្រាឆ្លង ដែលកំពុងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងខេត្ត សាមុត សាខន ដែលស្ថិតនៅភាគនិរតីទីក្រុងបាងកក។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១៦,២២១ករណី ក្នុងនោះរួមមាន ១៣,៨០៤ករណី ជាករណីឆ្លងក្នុងស្រុក និង ២,៤១៧ករណី ជាករណីនាំចូល ខណៈអ្នកជំងឺសរុប ៧៦នាក់បានស្លាប់ និង ១១,២៨៧នាក់ទៀតបានជាសះស្បើយឡើងវិញ៕