(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្របនឹងថ្ងៃបុណ្យមាឃបូជា លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញអុជធូបបួងសួងនៅលើទួលក្នុងបឹងស្នោរ ក្រុងសំរោង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនពិសេសសូមឲ្យចៀសផុតពីជំងឺកូវីដ១៩។
លោកអភិបាលខេត្តក៏បានបួងសួង សូមឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាពជារៀងរហូត ពិសេសសូមឱ្យខេត្តឧត្ដរមានជ័យ មានការអភិវឌ្ឍជានិច្ចនិរន្ត និងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងសូមឱ្យកម្ពុជាចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងយាយីពិភពលោកទាំងមូល។
សូមជម្រាបជូនថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។
ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។
ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានេះ នៅគ្រប់វត្តអារាមទូទាំងប្រទេសដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត តាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»៕