(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដូនពេញ បានណែនាំដល់អ្នកមើលការខុសត្រូវ នៅការដ្ឋានសំណង់របស់ក្រុមហ៊ុន ហួរ ឃាង ដែលមានថៅកែឈ្មោះ ហ៊ុន បាំងហួរ ឲ្យមានការរៀបចំលើការ ដឹកជញ្ជូនដីតាមរថយន្ត ពេលដឹកមកកាន់ការដ្ឋានម្តងៗ កុំឲ្យហៀរ និងហូរទឹក ជ្រុះដី ប្រឡាក់ថ្នល់ ប៉ុន្តែការណែនាំនោះ គឺគ្មានប្រសិទ្ធភាពនោះឡើយ ដូចហៅសត្វគោ សត្វក្របី... មកប្រាប់អីចឹង ។ ការដ្ឋានសំណង់របស់ឈ្មោះ ហ៊ុន បាំងហួរ ខាងលើនេះកំពុងសាងសង់កម្ពស់២៥ជាន់ ស្ថិតនៅក្បាលដីលេខ១០៣ ផ្លូវ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ចាប់តាំងពីការដ្ឋានសំណង់បានចាប់ផ្តើមមកនោះ រថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម បានបើកចេញចូលៗ ជារៀងរាល់ថ្ងៃ ប៉ុន្តែម្ចាស់ការដ្ឋាន និងអ្នកមើលការខុសត្រូវគ្មានបានស្តាប់ ការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច លើការរៀបចំលក្ខណៈទេស នៃការដឹកជញ្ជូននោះឡើយ ពោលពេលដឹកម្តងៗ នាំឲ្យមានការហូរទឹក ធ្លាក់ដីប្រឡាក់រាយប៉ាយពេញថ្នល់យ៉ាងខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងជាការព្រួយបារម្ភនោះ គឺការបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាក់ជាមិនខានឡើយ។
មន្រ្តីសាលាខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦នេះថា នាពេលកន្លងទៅរថយន្តដឹកដីរបស់ក្រុមហ៊ុនមួយនេះបានហៀរ និងធ្លាក់ដីមកលើថ្នល់ហើយត្រូវបានអភិបាលខណ្ឌលោក គួច ចំរើន ដឹកនាំកម្លាំងសន្តិសុខ និងមន្រ្តីជំនាញទៅប្រាប់ឲ្យភាគីម្ចាស់រថយន្តយកទឹកមកលាងបាញ់សំអាត ប៉ុន្តែនៅពេលនេះ កើតឡើងដដែលមិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធរខណ្ឌសូម្បីតែបន្តិច។
មន្រ្តីសាលាខណ្ឌរួបនេះ បានបញ្ជាក់ថា «នេះជាលើកទី២ហើយ លើកទី១ ដឹកជ្រុះប្រឡាក់ថ្នល់រាយប៉ាយពេញថ្នល់ នៅតាមផ្លូវព្រះមុនីវង្ស មុខស្ថានទូចបារាំង...ដែលអាចគ្រោះថ្នាក់ដល់អ្នកជិះម៉ូតូ និងប៉ះពាល់សោភ័ណភាពទីក្រុងរបស់យើង»។
មន្រ្តីសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា បើសិនមានករណីនេះកើតឡើងលើកក្រោយទៀតនោះ អភិបាលខណ្ឌ លោក គួច ចំរើន នឹងបញ្ជាឲ្យមន្រ្តីឃាត់រថយន្តនោះមករក្សាទុកសិន រង់ចាំការណែនាំ និងដោះស្រាយតាមនីតិវិធី៕
អភិបាលខណ្ឌដូនពេញ ចុះទៅណែនាំដល់ការដ្ឋាន សំណង់កាលពីពេលន្លងទៅ