(កំពង់ធំ)៖ ដើម្បីឱ្យមានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យដល់ទីជនបទ ឱ្យកាន់តែល្អប្រសើរឡើងលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានជំរុញគ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់ទីជនបទឱ្យបានគ្រប់គ្រាន់ ដើម្បីលើកកម្ពស់សុខមាលភាព និងដើម្បីចូលរូមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក សុក ហៃ បានជំរុញនៅបែបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុប្រចាំឆ្នាំ២០២០ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត ដោយមានការចូលរួមពីបណ្តាអង្គភាពមន្ទីរនានាអាជ្ញាធរ ក្រុង ស្រុក និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនផងដែរ។
លោកបានបន្តថា ក្នុងកំណើនវិនិយោគទុន លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឱ្យបានជោគជ័យ នៅតំបន់ដាច់ឆ្ងាយពីវិស័យទឹកស្អាត និងអនាម័យសកល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លទ្ធផល នៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ កើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាលគួបផ្សំនឹងការចូលរួម សហការយ៉ាង ជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ជាមួយដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។
លោក សុក ហៃ ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវជួយយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាពនិងកៀគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានាក្នុងការលើកកំពស់សុខភាពហើយអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានា ឱ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាននៅ តាមគ្រឹះស្ថានសិក្សា សាលាចំណេះទូទៅ ត្រូវយកចិត្តទុកដាក់សាងសង់សម្ភារទឹកស្អាត អប់រំសិស្សឱ្យយល់ពីផលវិបាកនៃការខ្វះអនាម័យនៅតាមសាលា និងគ្រួសារ ហើយគ្រប់គ្រួសារត្រូវសាងសង់បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ការអប់រំ និងផ្សព្វផ្សាយនូវចំណេះដឹងពីការលើកកម្ពស់សុខភាព និងអនាម័យនៅជនបទឱ្យបានទូលំទូលាយ និងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលផងដែរ។
ជាមួយគ្នានេះដែរ លោកបានជំរុញឲ្យគ្រប់អាជ្ញាធរទាំងអស់ ត្រូវបន្តការផ្សព្វផ្សាយការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕