(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំតាមរយៈ Videoconference ជាមួយតំណាងធនាគារពិភពលោក ដឹកនាំដោយលោកស្រី Mariam Sherman ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងមានការចូលរួមពីថ្នាក់ដឹកនាំតំបន់ និងជំនាញការសរុប១០រូប។
កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងស្វែងរកលទ្ធភាព ដែលធនាគារពិភពលោក អាចចូលរួមចំណែកគាំទ្រ ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសក្នុងអំឡុងពេលនៃ ការរីករាលដាលនៃជំងឺកូវីដ១៩។
លោក ជា ចាន់តូ បានថ្លែងអំណរគុណ ធនាគារពិភពលោក ដែលកន្លងមកបានរួមចំណែក អភិវឌ្ឍន៍វិស័យធនាគារ ជាពិសេសលើផ្នែក ចំណេះដឹងហិរញ្ញវត្ថុ, បរិយាបន្នហិរញ្ញវត្ថុ, ប្រព័ន្ធទូទាត់, កិច្ចការពារអតិថិជន, ប្រព័ន្ធការពារប្រាក់បញ្ញើ, ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។
ទន្ទឹមនេះលោកទេសាភិបាល បានជម្រាបពីស្ថានភាព និងវឌ្ឍនភាពនៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជូនធនាគារពិភពលោកថា វិស័យធនាគារកម្ពុជាបន្តមានស្ថិរភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ធនាគារពិភពលោកបានវាយតម្លៃខ្ពស់ ចំពោះវិធានការដែលបានដាក់ចេញ ដោយធនាគារជាតិនៃកម្ពុជា ក្នុងការឆ្លើយតបនឹងសម្ពាធនៃ ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា ព្រមទាំងបានរួមចំណែកផ្តល់ការគាំទ្រ ដល់សកម្មភាពសេដ្ឋកិច្ច។
ធនាគារពិភពលោកបានរួមចំណែកផ្តល់ជំនួយ បច្ចេកទេសផ្នែកប្រព័ន្ធទូទាត់កម្ពុជា ក៏បានរំលេចពី ការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ដែលត្រូវបានធ្វើទំនើបកម្ម លើផ្នែកបច្ចេកវិទ្យាទំនើប និងបានជួយសម្រួលការទូទាត់ និងកាត់បន្ថយកម្រៃសេវាទូទាត់អេឡិចត្រូនិក។
តំណាងធនាគារពិភពលោក ក៏បានអបអរសាទរលោកទេសាភិបាល ដែលទទួលបានការវាយតម្លៃខ្ពស់ពី ទស្សនាវដ្តីអន្តរជាតិ The Banker ថាជា ទេសាភិបាលឆ្នើមឆ្នាំ២០២១ ដោយសារការដឹកនាំធនាគារជាតិនៃកម្ពុជា ក៏ដូចជាវិស័យធនាគារ ឱ្យមានការរីកចម្រើនប្រកប ដោយភាពរឹងមាំនិងទំនុកចិត្ត។
លោកទេសាភិបាល ក៏បានស្នើឱ្យ ធនាគារពិភពលោកបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យធនាគារបន្ថែមទៀត ជាពិសេសលើផ្នែកការពារប្រាក់បញ្ញើ, ការសិក្សាទៅលើប្រតិបត្តិការទិញ-លក់រូបិយប័ណ្ណ, ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាពជំនាញ របស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា៕