(កណ្ដាល)៖ លោកម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល បានលើកឡើងថា នឹងស្នើសុំគោលការណ៍ថ្នាក់លើ ដើម្បីធ្វើការចុះចាប់នឹងឈានទៅដល់ការ បិទដេប៉ូខ្សាច់ និងចាប់ឃាត់រថយន្តទុក និងពិន័យជាប្រាក់តែម្តង បើសិនជានៅរកឃើញថា ក្រុមរថយន្តដឹកជញ្ជូននិងដេប៉ូទាំងអស់ នៅតែបន្តដឹកល្មើសច្បាប់ល្មើស បទដ្ឋានបច្ចេកទេស ដោយមិនយោគយល់ជនណានោះឡើយបើទោះបីជាមានខ្សែរខាងណាក៏ដោយ។
លោក ម៉ឹង យូឡេង បានថ្លែងព្រមានយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងពិធីជួបសំណេះសំណាល និងឧបត្ថម្ភដល់មន្ត្រីរាជការក្រោមឱវាទ ចំណុះមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំឡើងនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ត្រីជាច្រើនរូបផងដែរ។
លោក ម៉ឹង យូឡេង បានបញ្ជាក់ទៀតថា ក្រុមការងារបានខិតខំកសាងផ្លូវ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ផ្លូវថ្នល់មិនថាផ្លូវបេតុង ឬផ្លូវកៅស៊ូ DBST និង SBST ដែលប្រកបដោយគុណភាព ខណៈឆ្នាំ២០២១នេះ មន្ទីរគ្រោងនឹងស្ថាបនាលើគម្រោងចំនួន៧ទៀត ដែលបានរៀបចំផែនការរួចរាល់ ហើយនឹងចាប់ផ្ដើមអនុវត្តន៍ ប្រកបដោយឆន្ទៈខ្ពស់។
លោកបន្តថា កន្លងមកហេដ្ឋាចនាសម្ព័ន្ធបានកសាងបានល្អស្អាតហើយ ប៉ុន្តែវាត្រូវបានបំផ្លាញដោយក្រុមឡានដឹកខ្សាច់ ដឹកថ្ម ដឹកដី ដឹកគ្រួស និងដឹកទំនិញធន់ធ្ងន់ ផ្សេងៗទៀត ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស ពិសេសគឺមានការលើសទម្ងន់ ហើយនឹងការកំពប់ហូរហៀរដែលនាំឱ្យកើតបញ្ហាជាញយដងសម្រាប់ផ្លូវ តួយ៉ាងផ្លូវ លេខ២១បេ ដែលកន្លងមក មន្ទីរសាធារណៈការ បានធ្វើការស្ថាបនាបានល្អស្អាតស្របតាមបច្ចេកទេសបទដ្ឋានបច្ចេកទេស ក៏ប៉ុន្តែវាត្រូវបានបំផ្លាញខ្ទេចខ្ទីដោយសារតែ ក្រុមអ្នកបើកឡានទាំងអស់នោះដឹកគ្មានប្រណីនោះឡើយ។
លោកបញ្ជាក់ទៀតថា លោកនឹងស្នើទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មកាដែលមាន អភិបាល ក្រុងតាខ្មៅជាប្រធាន ក្នុងការចុះចាប់ និងប្រើវិធានការធម៌ក្ដៅតែម្ដង បើសិនជានៅតែបន្តគឃ្លើនមិនគោរពតាមការណែនាំរបស់អាជ្ញាធរ។
ទន្ទឹមនឹងសារនេះដែរលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក៏បានធ្វើការអំពាវនាវដល់ម្ចាស់រថយន្តទាំងអស់ និងអ្នកធ្វើដំណើរដឹកជញ្ជូនទំនិញ ទាំងអស់សូមមេត្តាចូលរួមក្នុងការគោរពតាមច្បាប់ ពិសេសគោរពតាមបទដ្ឋានបច្ចេកទេសនៃការដឹកដឹកមិនឱ្យលើសទម្ងន់ មិនឱ្យមានការហូរកំពប់សារធាតុរ៉ែផ្សេងៗ ការដឹកដែកសំណង់ផ្សេងៗ ត្រូវតែគោរពតាមបថដ្ឋានបច្ចេកទេសចៀសវាងនាំឲ្យកើតបញ្ហានានាជាដើម។
គួរជម្រាបជូនថា នៅក្នុងអង្គជុំនំពិគ្រោះយោបល់ជុំវិញការដឹកជញ្ជូននៅសាលាខេត្តកណ្ដាលនាពេលថ្មីៗកន្លងទៅ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានព្រមានដកលោក នូ សុវណ្ណារ៉ា ដែលមានមុខងារជាប្រធានគណៈកម្មការ និងជាអភិបាលក្រុងតាខ្មៅចេញតំណែង បើសិនជាគ្មានសមត្ថភាព ទប់ស្កាត់ និងរៀបចំជុំវិញអាជីវកម្ម សារធាតុរ៉ែទាំងជាង៥០ដេប៉ូ និងឡានរាប់រយគ្រឿងឲ្យមានសណ្ដាប់ធ្នាប់ រៀបរយបានល្អទេនោះ៕