(ក្រចេះ)៖ វត្តពន្លឺពេជ្រគីរីរ៉ាម ហៅវត្តភ្នំក្រឡាញ់ ស្ថិតនៅលើភ្នំ ក្នុងតំបន់ដាច់ត្រយាលមួយឆ្ងាយពីទីប្រជុំជន និងភូមិឋានអ្នកស្រុក នាទឹកដីភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គឺជាអារ៉ាមដ៏ក្សត់បំផុតនៅខេត្ត ដោយគ្មានព្រះវិហារ គ្មានសាលាឆាន់ឡើយ គឺមានតែកុដិតូច១ខ្នង ដែលកសាងអំពីឈើ សម្រាប់ព្រះសង្ឃគង់នៅតែប៉ុណ្ណោះ។
វត្តអារាមនេះត្រូវបានកសាងឡើងជិត ២០ឆ្នាំកន្លងមកហើយ ពេលនេះព្រះគ្រូចៅអធិការព្រះនាមសច្ចៈកល្យាណា សេន នរ៉ា ដែលមានមន្តអាគមន៍ខ្លាំងពូកែរួម និងព្រះសង្ឃ ព្រមទាំងគណៈកម្មការអាចារ្យវត្តនេះ បានផ្ដើមធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្លងបារមីឥសីលោកតាសក់ស ដើម្បីប្រមូលបច្ច័យយកកសាងសមិទ្ធផលនានា និងផ្លូវបេតុង១ខ្សែ ប្រវែង ១១៧ម៉ែត្រ ទទឹងប្រវែង៦.៦ម៉ែត្រ។
ពិធីបុណ្យនេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីវេលាល្ងាចថ្ងៃទី២៧ ដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដោយមានការនិមន្តចូលរួមពីព្រះគ្រូអនុគណស្រុកព្រះប្រសព្វ និងការអញ្ជើញចូលរួមដោយឪពុកក្មេក លោកអភិបាលខេត្តក្រចេះ ព្រមទាំងពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ និងនៅតំបន់នោះ និងមានពិធីរាប់បាត្រព្រះសង្ឃចំនួន ១២អង្គផងដែរ។
នៅក្នុងឱកាសនោះដែរ ព្រះគ្រូចៅអធិការព្រះនាមសច្ចៈកល្យាណា សេន នរ៉ា បានមានសង្ឃដីការបណ្ឌបាត្រ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ «សុំឱ្យសប្បុរសជននានាដែល មានសទ្ធារជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បើបានមើលឃើញសូមចូលរួមជួយធ្វើការកសាងសមិទ្ធិផលនៅក្នុងវត្តកំសត់មួយនេះផង»។
បើតាមលោកយាយឈ្មោះ ស្រៀន ដែលជាអ្នកស្នងរូបលោកតាភ្នែកទិព្វ បានឱ្យដឹងថា វត្តពន្លឺពេជ្រគីរីរ៉ាម ហៅវត្តភ្នំក្រឡាញ់ នេះត្រូវបានលោកយាយកសាងឡើងដោយផ្ទាល់នៅកំលុងឆ្នាំ២០០៣មកម្ល៉េះ ដោយសារតែនៅលើភ្នំក្រឡាញ់នេះមានឫទ្ធីបារមីខ្លាំងពូ ហើយកន្លងមកតែងបានយារយី អ្នកស្រុករហូតមានអ្នកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នោះ ទើបលោកយាយផ្ដើមការកសាងទីអារ៉ាម ព្រះពុទ្ធសាសនានៅទីនោះដើម្បីចម្លងគ្រោះដល់អ្នកស្រុកតំបន់នោះ។
លោកយាយបានកសាងដងទង់ និងកុដិឈើជាដើម ប៉ុន្តែខណៈនោះពុំមានព្រះសង្ឃគង់នៅឡើយ លុះត្រាតែមានពិធីបុណ្យទានផ្សេងៗ ទើបនិមន្តព្រះសង្ឃពីបណ្ដាវត្តនានាទៅធ្វើកិច្ចនៅទីនោះយូរម្ដងប៉ុណ្ណោះ ហើយបន្ទាប់ពីការកសាងវត្តនៅលើភ្នំនេះ រួចកាលណាមកឃើញថាអ្នកស្រុកក៏លែងមានអ្នកស្លាប់ទៀតដែរ។
បើតាមលោកយាយ ស្រៀន បានរៀបរាបថា លុះមកដល់ឆ្នាំ២០១៧ ទើបមានព្រះសង្ឃទៅគង់នៅ ប៉ុន្តែនៅមិនបានជាប់លាប់នោះឡើយ ដោយគង់បានត្រឹមតែមួយរយៈពេលប៉ុណ្ណោះ ក៏និមន្តចាកចេញទៅវិញព្រោះតែទីនោះក្រក្សត់ខ្លាំងពេក។ បន្ទាប់មកទៀតនៅចុងឆ្នាំ២០២០កន្លងមក ទើបមានព្រះសង្ឃមកគង់នៅចំនួន ៣អង្គ ក្នុងនោះមានព្រះភិក្ខុ ១អង្គ ព្រះនាមសច្ចៈកល្យាណា សេន នរ៉ា ដែលជាអតីតជាព្រះគ្រូសូត្រ នៅវត្តភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ បានទៅគង់នៅធ្វើជាគ្រូចៅអធិការវត្តភ្នំក្រឡាញ់នេះ និងមានគណៈកម្មការអាចារ្យចំនួន ៣នាក់។
លោកយាយបានបន្ថែមថា ព្រះគ្រូចៅអធិការអង្គនេះ ជាព្រះសង្ឃកំពុងមានភាពល្បីល្បាញនៅត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ព្រោះតែព្រះអង្គចេះមន្តអាគមន៍ខ្លាំងពូកែ អាចបង្រ្កាបខ្មោចព្រាយបិសាច ចេះដោះអំពើ និងស្រោចទឹករំដោះគ្រោះលើករាសីផងដែរ។ ប្រការនេះបានធ្វើឱ្យអ្នកស្រុកមានជំនឿ និងគោរពព្រះអង្គយ៉ាងខ្លាំង ហើយបន្ទាប់ពីទៅគង់នៅក្នុងវត្តខាងលើព្រះអង្គបានខិតខំស្វះស្វែងរកសប្បុរសជននានា ដើម្បីជួយកសាងសមិទ្ធផលក្នុងវត្តមួយនេះ ហើយក៏សង្ឃឹមថានឹងមានអ្នកចិត្តសប្បុរសជួយកសាងទីអារ៉ាមមួយនេះ ឱ្យមានការរីកចម្រើនមិនខានឡើយ៕