អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះបាញ់ទឹកលាងសម្អាតស្ពានព្រះមុនីវង្សចាស់ទាំងយប់ ដើម្បីបង្កើនសោភ័ណ្ឌភាព
28-01-2021 15:20
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាអនាម័យបរិស្ថាន ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារដោយមានការចូលរួមពីលោក រស់ សុភ័ក្រ្ត អភិបាលរងខណ្ឌ, លោក ឡូ ភារម្យ អធិការរងខណ្ឌច្បារអំពៅ, លោក យិន វុធ ចៅសង្កាត់ច្បារអំពៅទី២ ព្រមទាំងកម្លាំងប្រជាការពារខណ្ឌ សង្កាត់ជាច្រើននាក់ ចុះទៅបាញ់ទឹកលាងសម្អាតនៅលើស្ពានព្រះមុនីវង្សចាស់ ដើម្បីបង្កើនសោភ័ណ្ឌភាព ឱ្យស្អាតល្អប្រសើរ។
លោក ចេង មុនីរ៉ា បានឱ្យដឹងថា កម្លាំងចម្រុះចុះបាញ់ទឹកលាងសម្អាតនៅលើស្ពានព្រះមុនីវង្សចាស់នាពេលកណ្ដាលយប់នេះ គឺមិនបានគិតពីការនឿយហត់ហើយ ពោលគឺក្រុមករងារនិងលោក សប្បាយរីករាយនឹងធ្វើការងារសង្គមដោយលៃលកធ្វើយ៉ាងណាឱ្យមូលដ្ឋានខណ្ឌច្បារអំពៅមានអនាម័យបរិស្ថានល្អ មិនប៉ះពាល់ សុខភាពប្រជាជន ក៏ដូចអ្នកដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សផងដែរ។
គួររំលឹកផងដែរថា ជានិច្ចកាលលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តែងតែដឹកនាំកម្លាំងចុះធ្វើអនាម័យ ដោយបាញ់ទឹកលាងសម្អាតផ្លូវថ្នល់នៅក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅឱ្យបានល្អប្រសើរ ពិសេសផ្លូវថ្នល់ក្រោយពីស្ថាបនារួច គឺបាញ់ទឹកលាងសម្អាតផ្លូវ តួរយ៉ាងដូចជាសកម្មភាពការងារចុះបាញ់ទឹកលាងសម្អាត ស្ពានព្រះមុនីវង្សចាស់នេះជាដើម ហើយរាល់សកម្មភាពការងារអាជ្ញាធរច្បារអំពៅនាសព្វថ្ងៃនេះគឺមហាជនទូទៅ គាត់មានការគាំទ្រផងដែរ៕