(ស្វាយរៀង)៖ ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈឱ្យបានគ្រប់គ្រាន់លេីផ្លូវនានាក្នុងក្រុងស្វាយរៀង ក្នុងនាមលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោក លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានបង្ហាញការគាំទ្រពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងក្រុងស្វាយរៀង។
ការតបង្ហាញការគាំទ្របែបនេះ របស់លោក ហែម ពិសិដ្ឋ ក្នុងពិធីជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ជប៉ុន មីនេបៀមីតស្ស៊ុមិ ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED ព្រមទាំងធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅខេត្តស្វាយរៀង។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សាពីទីតាំងភូមិសាស្រ្តដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញក្នុងការបំពាក់ភ្លឺក្នុងក្រុងស្វាយរៀង ដែលគ្រោងនឹងធ្វើការវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តស្វាយរៀងយេីងនេះ។
លោក ហែម ពិសិដ្ឋ បានថ្លែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុន ជប៉ុនមីនេបៀ ដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ រដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងបន្ធូបន្ថយនូវតម្លៃសមស្របទៅនឹងបរិបទនាពេលបច្ចុប្បន្ន នៅកម្ពុជា ក៏ដូចជាអ្វីដែលដែលបានពិនិត្យ និងពិភាក្សាគ្នាពីមុន និងពេលនេះដេីម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេចលេីគម្រោងមួយនេះ ដេីម្បីដាក់ឱ្យដំណេីរការ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រនឹងសហការផ្តល់ឱកាសឱ្យក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តស្វាយរៀង ដែលនឹងរៀបចំឡេីងនាពេលខាងមុខ ក្រោយពិនិត្សសិក្សា និងឯកភាពគ្នាលេីគម្រោងមួយនេះរួចរាល់។
សូមជម្រាបជូនថា បេីតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន អំពូលឆ្លាតវ៉ៃនេះ បានផ្តល់អត្ថប្រយោជន៍រួមចំណែក ក្នុងកាត់បន្ថយទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងខេត្តស្របទៅតាមសម័យកាលបច្ចុប្បន្ន៕