(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីរាជការ ស្រុក ចុះសម្ពោធ និងប្រគល់ប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយរបស់ លោក លី គឹមឆេង និងលោកស្រី សៀង ហ៊ូង ព្រមទាំងបុត្រ ជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណ៣០១ និងប្រជាពលរដ្ឋនៅភូមិសិរីសាមគ្គី ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីឱ្យពួគាត់បានប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
លោក ហាក់ ម៉ុងហួត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ជាពិសេសការលាងដៃឱ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល។
លោកបន្តថា ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យសូមទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ។
ក្នុងនោះផងដែរ លោកអភិបាលស្រុកក៏បានថ្លែងអំណរដល់លោក លី គីមឆេង និងលោកស្រី សៀង ហ៊ូង ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចជាកាលតែងតែចូលរួមធ្វើសកម្មភាពមនុស្សធម៌ ជាមួយរដ្ឋបាលស្រុកតាំងគោក ជាក់ពេលនេះលោកចំណាយថវិការផ្ទាល់ខ្លួនប្រមាណ ៣០០០ ដុល្លាអាមេរិក ដើម្បីផ្តល់ជាអណ្តូងទឹកស្អាត ជូនដល់សាលា និងប្រជាពលរដ្ឋដើម្បីប្រើប្រាស់ជាក់ស្តែង។ លោកបានបន្តថា អណ្ដូងទឹកពិតជាមានសារៈសំខាន់ណាស់សម្រាប់ឲ្យសិស្សានុសិស្សប្រើប្រាស់ និងការហូបចុកព្រមទាំងយកស្រោចដំណាំ សួនផ្កាដើម្បីជាការលម្អសាលារៀន និងទាក់ទាញនូវចំណាប់អារម្មណ៍របស់សិស្ស និងមកសិក្សា។
លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាអណ្ដូងទឹកស្អាតឱ្យបានប្រើប្រាស់យូរអង្វែង និងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងត្រូវសម្អាត បរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឲ្យកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ១៩។
ក្រោយពីទទួលបានសមិទ្ធផលអណ្តូងទឹកស្អាតនេះលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋរស់នៅភូមិសិរីសាមគ្គី មានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណម្ចាស់អំណោយផងដែរ៕