(ភ្នំពេញ)៖ នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្រ្តី វង សូត មានការចូលរួមពីអភិបាលរងខេត្ត ក្រុមការងារការពារ ជនរងគ្រោះ និងអន្តរក្រសួង បានចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស និងពលករដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិសំខាន់ៗ។
ទីតាំងច្រកទ្វារអន្តរជាតិដែលសំខាន់ៗរួមមាន៖
*ទី១៖ ខេត្តឧត្តរមានជ័យ មានច្រកអូរស្មាច់ ច្រកជាំស្រងុំា
*ទី២៖ ខេត្តប៉ៃលិន ច្រកព្រំ
*ទី៣៖ ខេត្តបាត់ដំបង ច្រកដូង។
ដើម្បីពង្រឹងការគ្រប់គ្រងស្ថានភាពមេរោគរាតត្បាតកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានការចូលរួម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងសុខាភិបាល និងអភិបាលរងខេត្តទាំង៣ព្រមទាំងបានផ្ដល់ម៉ាស និងជែល ដល់ក្រុមការងារផងដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺ៣៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕