
ឧត្តមសេនីយ៍ទោ សាន សុទ្ធី បរិច្ចាគថវិកា ១១លានរៀល ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
28-01-2021 15:04
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគថវិកា១១លានរៀល ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជំហានទី២។
ការប្រកាសបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ការកាត់បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕