(ឧត្តរមានជ័យ)៖ ទីណាមានទុក្ខ មានការលំបាកតែងតែមានវត្តមាន និងជំនួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០ខ្នងទៀត ស្រូវពូជ អង្ករ និងមី ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣២០គ្រួសារ នៅភូមិស្រះទឹកតេជោសែនជ័យ ឃុំ-ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញជាតំណាងសម្តេចតេជោ ប្រគល់ផ្ទះ ស្រូវពូជ អង្ករ និងមីទាំងនេះ។ របាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានស្រូវពូជ១០០គីឡូក្រាម អង្ករ ៣០គីឡូក្រាម និងមី ១កេស។
នៅក្នុងពិធីសំណេះសំណាល និងប្រគល់ផ្ទះនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនអតីតយុទ្ធទាំងអស់ ដែលលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិរហូតមកដល់បច្ចប្បន្ន ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលសម្តេចទាំងពីរ តែងតែនឹករលឹកដល់អតីតយុទ្ធជន និងបានណែនាំរូបលោកឱ្យខិតខំចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាលំបាកជូនអតីតយុទ្ធជន។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានលើកសរសើរសមាគមអតីតយុទ្ធជនខេត្ត និងក្រុមការងារ ដែលបានយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជនរួមមាន៖ ផ្លូវ ប្រឡាយ ស្រះទឹក និងជួយឈូសឆាយដីបង្កបង្កើនផលជូនគ្រួសារអតីតយុទ្ធជននៅទីនោះ។
ក្នុងឱកាសនោះលោកអគ្គលេខាធិការ ក៏បានណែនាំអតីតយុទ្ធជនត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ និងត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីបន្តមើលការអភិវឌ្ឍន៍ ការរីកចម្រើនរបស់ប្រទេសជាតិបន្តទៀត។
អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងស្រុកចុងកាល់ បានគោរពថ្លែងអំណរគុណ និងដឹងគុណមិនអាចបំភ្លេចបាននូវគុណបំណាច់ និងការគិតគូររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខរបស់ពួកគេ។
អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងនោះ បានបង្ហាញការប្តេជ្ញាចិត្តការពារ និងគាំទ្រការដឹកនាំរបស់សម្តេចតេជោជារៀងរហូត៕