(សៀមរាប)៖ តាមរបាយការណ៍ពីអង្គភាពទទួលការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គិតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានសម្រេចការសាងសង់ជាង ១៧.៥%ហើយ។
របាយការណ៍នេះបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង បានអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការ អន្តរក្រសួងបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
សមាសភាពអញ្ជើញចូលរួមក្នុងដំណើរចុះពិនិត្យនេះរួមមាន ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងក្រុមការងារគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេសជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប។
ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេសសៀវភៅ បន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែន ការគ្រោងទុក។
សូមបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែងសរុប ១០៨.៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ។
គម្រោងនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន០៨រួមមាន៖ ១៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម, ២៖ កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, ៣៖ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, ៤៖ អគ្គនាយកដ្ឋានសាធារណការ, ៥៖ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, ៦៖ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, ៧៖ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងទី៨៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
គម្រោងនេះមានការរៀបចំលើគ្រប់ទិដ្ឋភាពក្នុងនោះរួមមាន៖ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ។
ជាមួយគ្នានេះផងដែរ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនេះ មានការគិតគូរយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ជាប់រឹងមាំ ដោយគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយជួសជុលឡើងវិញដែលនាំឱ្យខាតបង់ថវិកាបន្ថែមទៀត រួមជាមួយ ការរៀបចំប្រព័ន្ធលូបង្ហូរទឹក ស្របទៅតាមស្តង់ដាបច្ចេកទេស ដើម្បីការពារកុំឱ្យមានការលិចលង់ និងចៀសវាងនាំឱ្យផ្លូវឆាប់ខូច ដោយមានការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសឱ្យបានល្អិតល្អន់ជាមួយក្រុមការងារត្រួតពិនិត្យបច្ចេកទេស ជាពិសេសគុណភាពនៃសម្ភារបរិក្ខារដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ធានាបាននូវការ ប្រើបាស់សម្ភារបរិក្ខារមានគុណភាព ដើម្បីធានាឱ្យគុណភាពសំណង់មានភាពរឹងមាំអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្រៅពីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែហើយនោះ ក៏នៅមានការស្ដារកែលម្អធ្វើឱ្យប្រសើរឡើងដងស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ អនុវត្តដោយ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ និងធម្មជាតិ ក៏ដូចជាដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕