(មណ្ឌលគិរី)៖ កូនស្វាកន្ទុយស ឈ្មោលមួយក្បាល ដែលជាប្រភេទសត្វកម្រជុតផុតពូជ ត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនដល់ក្រសួងបរិស្ថាន ដើម្បីបន្តការពារ និងអភិរក្ស។ កូនស្វាកន្ទុយស ឈ្មោលមួយក្បាល ដែលមានអាយុប្រមាណ ២ខែនេះនឹងត្រូវថែរក្សាការពារ និងចិញ្ចឹមដោយក្រុមអភិរក្ស ដើម្បីឱ្យសត្វស្វាមួយក្បាលនេះមានសុខភាពល្អ ចេះគ្រប់គ្រងខ្លួនឯង មុននឹងយកទៅព្រលែងចូលក្នុង ព្រៃធម្មជាតិវិញ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានទទួលកូនសត្វស្វាកន្ទុយសនេះ ដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងកំលុងបំពេញបេសកកម្ម នៅលើទឹកដីខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តប្រគល់កូនសត្វស្វាកន្ទុយសនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួនតូច ដែលកំពុងលួចលាក់ចិញ្ចឹមសត្វព្រៃប្រភេទកម្រនៅតាមផ្ទះសូម ប្រគល់ជូនដល់ក្រុមអ្នកអភិរក្ស ព្រោះសត្វព្រៃត្រូវតែរស់នៅក្នុងព្រៃ ហើយការយកសត្វព្រៃកម្រមកចិញ្ចឹម គឺខុសច្បាប់។
បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ២០២០ កូនស្វាកន្ទុយសចំនួន២ក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ ជូនសមត្ថកិច្ចអនុវត្តច្បាប់ខេត្តមណ្ឌលគិរី និងបានកំពុងថែរក្សាដោយក្រុមអ្នកអភិរក្ស។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា «សូមពលរដ្ឋមួយចំនួនតូចដែលនៅតែយាយីសត្វព្រៃ ត្រូវបញ្ឈប់សកម្មភាពចាប់សត្វព្រៃ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃ និងបញ្ឈប់ការយកសត្វកម្រមកចិញ្ចឹម បើពុំនោះទេនឹងត្រូវប្រឈមមុខច្បាប់»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា បើតាមការសិក្សារបស់មន្ត្រីជំនាញផ្នែកសត្វព្រៃ សត្វស្វាកន្ទុយសជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក។ គេមិនមានរបាយការណ៍សត្វស្វាកន្ទុយស សរុបនៅលើពិភពលោកទេ ប៉ុន្តែមានមិននៅសេសល់ច្រើននោះឡើយ។ តាមទិន្នន័យស្វាកន្ទុយស នៅកម្ពុជាបច្ចុប្បន្ន មានចំនួនប្រមាណជាង ២ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេគឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ដែលតាមការសិក្សាមានចំនួន ៦,៧៥៦ក្រុម។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដោយមានការអភុរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយស នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា មានស្ថេរភាព។ ក្រៅពីស្វាកន្ទុយស ប្រទេសកម្ពុជា ក៏មានប្រភេទពានរដែលជិតផុតពូជផ្សេងទៀត លើពិភពលោកដូចជា៖ ទោចថ្ពាល់លឿង ស្វាអង្កត់ ស្វាព្រាម ស្វាក្តាម ជាដើម។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃ ក្រសួងបរិស្ថាន និងអង្គការដៃគូ រួមនឹងសហគមន៍តំបន់ការពារធម្មជាតិបានអប់រំប្រជាពលរដ្ឋកុំបរិភោគសាច់សត្វព្រៃ និងចុះទប់ស្កាត់ បង្ក្រាបបទល្មើសសត្វព្រៃ និងការដោះអន្ទាក់ចេញពីក្នុងតំបន់ការពរធម្មជាតិ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា អន្ទាក់ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃ ហើយនៅឆ្នាំ២០២០កន្លងទៅ អន្ទាក់គ្រប់ប្រភេទប្រមាណ ៥ម៉ឺនអន្ទាក់ ត្រូវដោះចេញពីក្នុងតំបន់ការពារធម្មជាតិ និងជួយសង្គ្រោះជីវិតសត្វព្រៃជាច្រើនក្បាល៕