(កំពង់ស្ពឺ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹក ថ្ងៃ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបុណ្យមាឃបូជា ដែលរៀបចំឡើងនៅព្រះមហាសក្យមុនីចេតីយ៍ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) និងពិធីរាប់បាត្រព្រះសង្ឃ៨០អង្គ នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ។

តាមឯកសារ ដែលមាននៅក្នុងព្រះរាជពិធីទ្វាទសមាស បានបញ្ជាក់ថា ប្រភពនៃបុណ្យ មាឃបូជា មាន២យ៉ាង៖

ប្រភពទី១៖ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត នៃព្រះអរហន្ត១២៥០អង្គ ដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌រមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំ ដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។

ប្រភពទី២៖ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

សម្រាប់ពុទ្ធសាសនិកកម្ពុជាយើង ក៏បានប្រារព្ធធ្វើបុណ្យមាឃបូជាដូចប្រទេសកាន់ព្រះពុទ្ធដ៏ទៃទៀតដែរ ពោលគឺចាប់តាំងពីរជ្ជកាល ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស មករាជរដ្ឋាភិបាលបានកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិហៅយ៉ាងខ្លីថា ថ្ងៃបុណ្យមាឃបូជា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនា៕