(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ (UN) បានសម្រេចដាក់ប្រទេសកម្ពុជា ជាបេក្ខភាពប្រទេសជ័យលាភី ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ នេះជាការលើកឡើងរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា មូលហេតុដែលកម្ពុជាត្រូវបានដាក់ជាបេក្ខភាពប្រទេសជ័យលាភី ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយសារតែអង្គការសហប្រជាជាតិ តាមរយៈអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) សង្កេតឃើញថា កម្ពុជាប្រឹងប្រែងធ្វើការងារនេះណាស់ ហើយធ្វើដោយទទួលបានលទ្ធផលល្អទៀតផង។
លោកស្រី ជូ ប៊ុនអេង បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចុះហត្ថលេខាលើលិខិតជូនដំណឹងទៅស្នាក់ការកណ្តាល IOM នៅទីក្រុងហ្សឺណែវ រួចហើយ លើការបញ្ជាក់ថា កម្ពុជានឹងធ្វើជាបេក្ខភាពប្រទេសជ័យលាភី លើការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ, នៅអាស៉ីនេះមានប្រទេសតែ ២ប៉ុណ្ណោះ ដែលបានក្លាយជាបេក្ខភាពជ័យលាភីនេះ។
លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវសម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើលិខិតជូនដំណឹង ទៅទីស្នាក់ការកណ្តាល IOM នៅទីក្រុងហ្សឺណែវ។ យើងទទួលនូវការស្វាគមន៍របស់អង្គការសហប្រជាជាតិ នៅក្នុងការដាក់កម្ពុជាជាបេក្ខភាព ជាប្រទេសជ័យលាភី នៅក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ដែលនៅអាស៉ីទើបតែមាន ២ប្រទេសទេ»។
គួរជម្រាបថា យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ទូទាំងប្រទេសបានបង្ហាញអំពីលទ្ធផល នៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទថា មានភាពល្អប្រសើរជាងមុន នៅឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។
សម្រាប់ការបង្ក្រាប និងសង្គ្រោះជនរងគ្រោះ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ចំនួន២២ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ លើ១៣៤ករណី មានការកើនឡើង ៣៥ករណី ស្មើនឹង ២៦.១១ភាគរយ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២២៩ លើ២២៤នាក់ ក្នុងនោះមានស្ត្រី ៧២នាក់ ក្នុងនោះជនសង្ស័យជាអនីតិជន ចំនួន ១១នាក់ និងជនបរទេសចំនួន ៤០នាក់ មាន៧សញ្ជាតិ។ សង្គ្រោះជនរងគ្រោះបានចំនួន ៤៥៦ លើ២៣០នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១៤១នាក់អាយុ ១៥ ដល់១៧ឆ្នាំ មាន៥៥នាក់ និងអាយុ ១៨ឆ្នាំឡើងទៅ ២៦០នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ចចំនួន ១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញចំនួន ២៩១នាក់)។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលផ្តល់សេវាកម្ម និងដំបូន្មានទាក់ទងនឹងការធ្វើចំណាកស្រុកទៅរដ្ឋាភិបាល និងជនចំណាកស្រុក រួមមាន ជនដែលត្រូវបង្ខំឲ្យភៀសខ្លួន ជនភៀសខ្លួន និងពលករចំណាកស្រុក។ នៅខែកញ្ញាឆ្នាំ២០១៦ IOM បានក្លាយជាអង្គការដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។
IOM ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥១ ជាគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការធ្វើចំណាកស្រុកអឺរ៉ុប ដើម្បីជួយដល់ការតាំងទីលំនៅថ្មីរបស់ប្រជាជនដែលផ្លាស់ទីលំនៅ ដោយសង្គ្រាមលោកលើកទី២។ គិតត្រឹមខែមីនា ឆ្នាំ២០១៩ អង្គការអន្តរជាតិទេសន្តរប្រវេសន៍មានរដ្ឋជាសមាជិកចំនួន ១៧៣ និងរដ្ឋសង្កេតការណ៍ចំនួន ៨៕